王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវគួរជាទីលើកទឹកចិត្តរបស់កីឡាករហែលទឹកពិការដៃ

2021-08-29 16:33:14 cri

រឿងរ៉ាវគួរជាទីលើកទឹកចិត្តរបស់កីឡាករហែលទឹកពិការដៃ_fororder_11

      ការប្រកួតកីឡាអូឡាំពិកត្រូវបានគេយកចិត្តទុកដាក់ខ្លាំងណាស់ ការប្រកួតកីឡាប៉ារ៉ាឡាំពិកដែលប្រារព្ធក្រោយពីការប្រកួតកីឡាអូឡាំពិក ក៏ទាក់ទាញក្រសែចក្ខុ​ណាស់ដែរ​ ​អត្តពលិក​ដែល​ចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិក ដែល​យក​ឈ្នះលើ​ពិការភាពរបស់ខ្លួន​ តស៊ូដើម្បីដណ្តើមជើងឯក បាន​លើកទឹកចិត្ត​អ្នកផងយ៉ាងខ្លាំង​។​ ស្មារតីខិតខំតស៊ូ​របស់​ពួកគេ​តែងតែធ្វើអោយ​អ្នកផង​រំជួលចិត្ត​។​ ខាង​ក្រោមនេះ យើងមក​ស្វែងយល់ពី​រឿងរ៉ាវរបស់​អត្តពិកប៉ារ៉ាឡាំពិកមួយរូប​ គឺ​លោក ​​Xu Qing​ ជាកីឡាករ​​ហែល​ទឹក។​

រឿងរ៉ាវគួរជាទីលើកទឹកចិត្តរបស់កីឡាករហែលទឹកពិការដៃ_fororder_22

      លោក ​​Xu Qing​ កើត​នៅក្រុង​ Pingdingshan ខេត្ត Henan នា​ឆ្នាំ​១៩៩២  ជា​កីឡាករហែលទឹកថ្នាក់ S៦។ ថ្នាក់ S៦ នៃវិញ្ញាសាហែលទឹកនៃការប្រកួតកីឡាប៉ារ៉ាឡាំពិក គឺមានន័យថា អត្តពិលពិការដៃឬជើង​ម្ខាង​ ឬពិការ​ដៃទាំងពីរ​ ឬដៃ​ទាំង​ពីរ​បាត់បង់មុខងារ។ ពេលមានអាយុ ៦ ឆ្នាំ កុមារ Xu Qing បានបាត់បង់ដៃទាំងពីរ។ ឆ្នាំ១៩៩៩ ម្តាយគាត់បាននាំគាត់ទៅទិញដៃសិប្បនិម្មិតនៅរោងចក្រផលិតអវៈយវៈសិប្បនិម្មិតមួយ។

      អ្នកទទួលខុសត្រូវ​នៃ​រោងចក្រនេះក៏ជាជនពិការដែរ ​ហើយធ្លាប់​ដណ្តើមបាន​ជើង​ឯងពិភពលោកខាងវាយប៉េងប៉ុងជនពិការទៀតផង​​។​ ​គាត់សួរ​កុមារ​ ​​Xu Qing​ថាចូលចិត្តលេង​អ្វី? កុមារ ​​Xu Qing​ តបថា​ចូលចិត្ត​ងូតទឹកនិង​លេងទឹកណាស់​។ ​ហេតុនេះហើយ​បានជា​ប្រធានរោងចក្រ​រូបនោះបាន​ស្នើម្តាយ ​​Xu Qing ​អោយ​កុមារ ​​Xu Qing ​រៀន​ហែលទឹក ​ដើម្បី​មាន​គោលដៅជីវិត។

រឿងរ៉ាវគួរជាទីលើកទឹកចិត្តរបស់កីឡាករហែលទឹកពិការដៃ_fororder_33

      បន្ទាប់ពីត្រឡប់ទៅស្រុកកំណើតវិញ ម្តាយគាត់នាំគាត់​ទៅ​សាល​ហែល​ទឹក​ដើម្បីរៀនហែលទឹក។​ នៅពេលនោះ​សមាគមជនពិការ​ក្នុងតំបន់​កំពុង​ជ្រើស​រើស​និង​បណ្តុះបណ្តាល​អត្តពលិកជនពិការ ដើម្បីចូលរួម​ការប្រកួតកីឡា​ជនពិការ​ថ្នាក់​ខេត្ត​។​ ​កុមារ Xu Qing​​ ត្រូវបាន​ជ្រើសរសើ​ចូល​ក្រុមហែល​ទឹក ​ចាប់ផ្តើម​អាជីពជា​កីឡាករ​ហែល​ទឹក​របស់​ខ្លួន​។​

រឿងរ៉ាវគួរជាទីលើកទឹកចិត្តរបស់កីឡាករហែលទឹកពិការដៃ_fororder_44

      និយាយចំពោះ​កូនក្មេងដែលពិការដៃទាំងពីរ​ ​ការរៀនហែលទឹកតម្រូវ​អោយ​មានតស៊ូយ៉ាងលំបាកលំបិន។ នៅពេលដែលមនុស្សដែលមានកាយសម្បទាគ្រប់គ្រាន់​ហែលទឹក ពួកគាត់ប្រើដៃទាំងពីរញែកទឹកដើម្បីដកដង្ហើម​ ប៉ុន្តែ សម្រាប់ ​Xu Qing​ គ្រាន់​តែអាចពឹងលើកម្លាំងចង្កេះរបស់គាត់ ដូច្នេះគាត់ហែលយឺតជាង​មនុស្ស​ធម្មតា​ ហើយតែងតែឈ្លក់ទឹក។ គ្រូងបង្វឹកបានចងពោងលើចង្កេះរបស់​​គាត់ ដើម្បីជួយ​គាត់​​​​​សម្របខ្លួនទៅនឹង​អាងហែលទឹកបន្តិចម្តង ៗ។

      កុមារ Xu Qing ហាត់​ទាំងយប់ទាំងថ្ងៃ ​ត្រាំងក្នុងអាងហែលទឹក​ស្ទើរតែពេញ​មួយ​ថ្ងៃ។​ ​ក្រោម​ការបង្វឹកបង្ហាត់របស់​គ្រូងបង្វឹក ក្រោយពីរៀនហែល​ទឹក​មិន​គ្រប់​ពីរ​ខែផង ​គាត់​ក៏បាន​ទៅចូលរួម​ការប្រកួតកីឡាជនពិការ​លើក​ទី​ ៤ ​នៃខេត្ត​ហឺណាន ​ព្រម​ទាំងឈ្នះមេដាយមាសមួយគ្រឿង​ ​មេដាយប្រាក់​មួយគ្រឿង​និង​មេដាយ​សំរឹទ្ធមួយគ្រឿង​។​

រឿងរ៉ាវគួរជាទីលើកទឹកចិត្តរបស់កីឡាករហែលទឹកពិការដៃ_fororder_55

      តាំងពីពេលនោះមក ​កុមារ Xu Qing ចាប់ផ្តើម​ទទួលបាន​ស្នាដៃលេចធ្លោក្នុង​ការ​ប្រកួត​កីឡាហែលទឹកជនពិការក្នុងស្រុក​។​ ​ក្នុងការប្រកួត​កីឡាហែលទឹក​ជន​ពិការ​​ទូទាំងប្រទេសចិន​នាឆ្នាំ​២០០៤ ​គាត់​ឈ្នះមេដាយមាសលើ​វិញ្ញាសា​ហែល​ទឹក​ចម្រុះ​​ ២០០ ម៉ែត្រ​ និង​មេដាយប្រាក់​លើ​វិញ្ញាសាហែលទឹករបៀបមេអំបៅថ្នាក់ S៦។​ ​គាត់​ប្រាប់​ម្តាយគាត់ដោយ​ក្តី​សប្បាយរីករាយថា​ អ្នកម៉ាក់មើលមើល៍ ខ្ញុំ​អស្ចារ្យ​ណាស់​!

      ឆ្នាំ​ ២០០៤ កុមារ Xu Qing ត្រូវ​ជ្រើសរើសអោយចូល​ក្នុងក្រុមកីឡាហែកទឹក​ជម្រើសជាតិ​។ ​ប៉ុន្មាន​ខែក្រោយ គាត់បាន​ចូលរួម​ការប្រកួត​កីឡាប៉ារ៉ាឡាំពិកក្រុង​អាថែនឆ្នាំ​ ២០០៤ ​ដែលជា​អត្តពលិកក្មេងជាងគេនៃប្រតិភូអត្តពលិកចិន​។​ ​ក្នុងការប្រកួត​លើកនោះ​ ​គាត់ទទួលបាន​លេខ ៩ ក្នុងវិញ្ញាសាមួយ​ ​ពិត​មែនតែ​លទ្ធផលនេះមិនសូវ​មាន​មោទនភាពនោះទេ​ ក៏ប៉ុន្តែការ​ប្រកួតលើកនេះ​បាន​បំផុស​ក្តី​សុបិន​អូឡាំពិក​របស់កុមារ Xu Qing គាត់បានកំណត់គោលដៅថានឹង​ឈ្នះ​មេដាយ​មាស​​នៅក្នុងការប្រកួត​កីឡា​អូឡាំពិក។

      ក្នុងការប្រកួតកីឡា FESPIC ឆ្នាំ​ ២០០៦ ​ យុវជន​​ Xu Qing ឈ្នះ​មេដាយ​មាសបីគ្រឿងនិង​មេដាយប្រាក់ពីរគ្រឿង។​ ​ក្នុងការប្រកួតកីឡាហែល​ទឹកជន​ពិការ​ពិភពលោក​ឆ្នាំ​ ២០០៧ ​គាត់​ដណ្តើមបាន​មេដាយមាស​មួយគ្រឿង​ ​មេដាយ​ប្រាក់​មួយ​គ្រឿង​ មេដាយសំរឹទ្ធមួយគ្រឿង​។ ​ក្នុងការប្រកួតកីឡាប៉ារ៉ា​ឡាំពិក​​ក្រុង​​ប៉េកាំង​ឆ្នាំ​ ២០០៨ ​គាត់បាន​បង្ហាញពីកម្លាំង​ជាក់ស្តែង​ជាថ្មីម្តងទៀត​ដោយ​ឈ្នះ​មេដាយ​មាស​បីគ្រឿង​និង​មេដាយសំរឹទ្ធមួយគ្រឿង។​ ក្នុង​ការប្រកួត​កីឡា​ប៉ារ៉ាឡាំពិក​ក្រុង​ឡុងឆ្នាំ​ ២០១២​​​​ គាត់ឈ្នះមេដាយមាស​៤ គ្រឿង​ហើយបាន​បង្កើត​កំណត់ត្រា​ពិភពលោកថ្មី​។ ​ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិក២០១៦ គាត់​ឈ្នះ​មេដាយមាស​បី​គ្រឿង​ទៀត​។ អាចនិយាយបានថា​ ​លទ្ធផល​ប្រកួតរបស់លោក​ Xu Qing គឺឆ្នើម​ណាស់​!​​

      ក្រោយពីហែលទឹកជិត​ ២០ឆ្នាំ ​លោក​ Xu Qingនិយាយថា​ ​អត្ថប្រយោជន៍​​ធំ​បំផុតរបស់គាត់គឺនៅពេលដែលគាត់ប្រឈមមុខនឹងការលំបាក គាត់លែងភ័យខ្លាច។​ ការហែលទឹកបានផ្តល់ឱ្យគាត់នូវជំនឿចិត្តលើខ្លួនឯង។ បន្ទាប់ពីហាត់ហែលទឹក​អស់រយៈពេលជាច្រើនឆ្នាំមក ​គាត់បានជម្នះរាល់ការលំបាក​និងឆ្លងកាត់​គ្រប់​ស្ថានភាព ហើយក៏សម្រេចបាននូវក្តីសុបិននិងក្តីសង្ឃឹមសម្រាប់ជីវិត​ផងដែរ។

រឿងរ៉ាវគួរជាទីលើកទឹកចិត្តរបស់កីឡាករហែលទឹកពិការដៃ_fororder_66

      លោក Xu Qing អាចប្រើកុំព្យូទ័របានយ៉ាងស្ទាត់ជំនាញដោយជើងរបស់គាត់។​ នៅក្នុងការពិពណ៌នាផ្ទាល់ខ្លួនលើបណ្តាញទំនាក់ទំនងសង្គម​របស់គាត់ កាត់​បាន​សម្រង់ឃ្លាដ៏ល្បីល្បាញរបស់អ្នកនិពន្ធ Hemingway នៅក្នុងប្រលោមលោក​«បុរស​ចំណាស់និងសមុទ្រ» ដែលថា"មនុស្សយើងអាចត្រូវបានបំផ្លាញ ប៉ុន្តែមិន​អាច​ចាញ់​បានទេ!" ដើម្បីលើក​ទឹកចិត្ត​ខ្លួនឯង។ ក្នុងរយៈពេល ២៩ ឆ្នាំ​​ លោក Xu Qing មិន​ត្រឹម​​តែប្រើវាជាពាក្យដាស់តឿនខ្លួនឯងប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំង​អនុវត្ត​វា​ដោយ​សកម្មភាព​ជាក់ស្តែងទៀតផង។

      នៅខាងក្រៅទីលានប្រកួត​ ​លោក Xu Qing គឺជាអ្នកចូលចិត្តលេងហ្គេម។ នៅ​ដើមឆ្នាំ២០២០ គាត់​កំពុងហ្វឹកហាត់​សម្រាប់ត្រៀមចូលរួមប្រកួតកីឡា​ប៉ារ៉ាឡាំពិក​ក្រុង​តូ​ក្យូ ​នេះជាលើកទី ៥ របស់គាត់ដែល​ចូលរួម​ការប្រកួតកីឡាអូឡាំពិក។​ តែ​ក្រោមឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូត្រូវបង្ខំអោយលើកពេល។ លោក Xu Qing​ ដែលចូល​ចិត្តលេងហ្គេមមាន​ពេល​វេលាធ្វើរឿងដែលគាត់តែង​តែ​ចង់​សាកល្បង​ ​ដូច​ជា​ការ​ផ្សាយ​ផ្ទាល់ពីការលេង​ហ្គេម។

      ដោយសារនៅសល់តែដៃពាក់កណ្តាល បាន​ជា​ពេលធម្មតាគាត់​តែងតែ​លេង​​ហ្គេមដោយប្រើជើងរបស់គាត់។ ហ្គេមដែលគាត់ចូលចិត្តគឺ«League of Legends»​(សម្ព័ន្ធរឿងព្រេង)។ មុនពេលធ្វើការផ្សាយផ្ទាល់ជា​លើកដំបូង គាត់​បាន​ដំឡើង​កាមេរ៉ា​​ពិសេសចំនួនពីរ ដែលមានកាមេរ៉ាមួយថត​ជើងរបស់​គាត់។​ យ៉ាងណាមិញ​ គាត់នៅតែមានការស្ទាក់ស្ទើរចិត្ត​អំពីការផ្សាយផ្ទាល់​​ដោយ​បារម្ភថា​ ទស្សនិកជន​នឹង​​រិះគន់​ថា គាត់មានចេតនាទាក់ទាញអោយ​អ្នកផងយកចិត្តទុកដាក់​ដោយសារតែ​គាត់មានកាយសម្បទា​មិនគ្រប់គ្រាន់។

      អ្វីដែល​នឹកស្មានមិនដល់នោះ​គឺ​ ​ការផ្សាយផ្ទាល់លេងហ្គេម​ប៉ុន្មានដងសុទ្ធតែ​ទទួលបានលទ្ធផលល្អ ទស្សនិកជនបានសួរគាត់អំពីជីវិតនិងបទពិសោធន៍ក្នុងការប្រកួត​កីឡាអូឡាំពិក។ ចំណែកឯលោក​ Xu Qing​ខ្លួនឯង​ ការលេងហ្គេម​ជាមួយ​មនុស្សជាច្រើនក៏ជាបទពិសោធន៍ថ្មីមួយដែរ។

      លោក​ Xu Qing​ ធ្លាប់ឃើញពិធិករជនពិការម្នាក់តាមបណ្តាញអ៊ីនធើណែឈ្មោះ​​"បងប្រុសចង្កឹះ​” គាត់បាន​លេងហ្គេម«សម្ព័ន្ធរឿងព្រេង»ដោយ​ប្រើចង្កឹះដែលខាំ​នឹង​មាត់របស់គាត់។ ដូចគ្នានឹង"បងប្រុសចង្កឹះ​”​ដែរ លោក Xu Qing ក៏សង្ឃឹម​ថា​នឹង​អាចឆ្លងតាមរយៈការផ្សាយផ្ទាល់នូវការលេងហ្គេមរបស់ខ្លួននាំអ្នកដទៃឱ្យ​មាន​ការ​គិត​ពិចារណា​កាន់តែ​ច្រើន​ និងមានភាពក្លាហានក្នុងការ​ប្រឈមមុខនឹងជីវិត ដូចជា​ពិធីករជនពិការ​ដែល​ធ្លាប់បាន​លើកទឹកចិត្តដល់​គាត់​អ៊ីចឹង។

      ក្នុងជីវភាពធម្មតា ជនពិការតែងតែមានឋានៈពិសេសមួយ​។ យោងតាម​របាយការណ៍​ស្ថិតិក្នុងឆ្នាំ ២០១៩ របស់សហព័ន្ធជនពិការចិន​ នៅប្រទសចិន​មាន​ជនពិការជាង ៣៣ លាននាក់ដែលមានវិញ្ញាបនបត្រជនពិការ​ ប៉ុន្តែយើងនៅតែ​កម្រ​ឃើញជនពិការនៅក្នុងជីវិតរបស់យើង។ បច្ចុប្បន្ននេះ តំបន់អភិវឌ្ឍន៍នៅក្នុង​ប្រទេស​​​​​ចិន​បានធ្វើ​អោយប្រសើរឡើងនូវ​បរិក្ខារគ្មានឧបសគ្គ​ គ្មានរបាំងដែល​យក​ចិត្តទុកដាក់​ចំពោះ​ជនពិការ​ ប៉ុន្តែការរើសអើងចំពោះជនពិការនៅតែគេចវេះមិនផុត​ឡើយ​​។

      នៅក្នុងក្រសែភ្នែករបស់លោក Xu Qing ​ហ្គេមបាននាំមកនូវសុភមង្គល​ជា​ច្រើន​​ដល់គាត់ ហើយសុភមង្គលរបស់មនុស្សគឺដូចគ្នា។ តាមរយៈទម្រង់​នៃ​ការផ្សាយ​ផ្ទាល់​នូវការ​​លេង​ហ្គេម​បែបនេះ លោក Xu Qing ក៏​ចង់​អោយ​អ្នកផង​ដឹងថា​ ទោះបី​ពួកគាត់មានពិការភាពខាងរាងកាយក៏ដោយ ក៏ជនពិការមិនខុសពីមនុស្ស​មាន​កាយសម្បទាគ្រប់គ្រាន់ដែរ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស