李慶莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

​រឿងរ៉ាវរបស់លោកZhengTaoកីឡាករពិការចិន

2021-09-10 15:14:00

រឿងរ៉ាវថ្ងៃនេះត្រូវនិទានចាប់ផ្ដើមពីការប្រកួតកីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ។ កាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០២១ នៅកន្លែងប្រកួតហែលទឹកមេអំបៅបុរសចម្ងាយ៥០ម៉ែត្រវគ្គផ្ដាច់ព្រ័ត្រ កីឡាករទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្ដើមការប្រកួត។

"Beng!"

សំឡេងកាំភ្លើងលាន់ឡើង កីឡាករទាំងអស់លោតចូលក្នុងអាងទឹកភ្លាម។

"កីឡាករនៅខ្សែបន្ទាត់ទី ៥ លឿនជាងគេ!"

"មើល! លឿនណាស់ហាក់ដូចជាមានតែស្រមោលប៉ុណ្ណោះ"

កីឡាករនៅ ខ្សែបន្ទាត់ទី ៥ ដូចជាត្រីដ៏ស្រាលមួយក្បាលហែលឆ្លងកាត់ទឹកដោយសេរី។ មិនយូរប៉ុន្មាន ក៏លឿនទៅមុខកីឡាករដទៃទៀត។

“ Dong!” សំឡេងខ្លាំងមួយលាន់ឡើង

កីឡាករនៅខ្សែបន្ទាត់ទី ៥ មិនបានប្រើវិធីសាស្រ្តធម្មតាដោយប៉ះជញ្ជាំងដោយដៃរបស់គាត់ទេ តែគាត់បានយកក្បាលទៅប៉ះជញ្ជាំងដោយផ្ទាល់តែម្ដង។

ក្បាលគាត់ប៉ះជញ្ជាំងភ្លាម ក្នុងសាលប្រកួតក៏មានសំលេងទះដៃយ៉ាងខ្លាំង ហើយអ្នកអត្ថាធិប្បាយបានស្រែកដោយរំភើបថា៖

"៣០ វិនាទី ៦២! ៣០ វិនាទី ៦២! សូមអបអរសាទរលោក Zheng Tao កីឡាករចិនដែលបានបំបែកឯតទគ្គកម្មពិភពលោក!"

ចា កីឡាករជម្រើសជាតិចិនហែលទឹកនៅខ្សែបន្ទាត់ទី ៥ ដែលបានឈ្នះមេដាយមាសក្នុងកីឡាហែលទឹកមេអំបៅចម្ងាយ ៥០ ម៉ែត្រ និងបានបំបែកឯតទគ្គកម្មពិភពលោកនេះ មានឈ្មោះថា Zheng Tao ។

លោក Zheng Tao បានងើបក្បាលចេញពីទឹក ហើយសម្លឹងមើលអេក្រង់ធំនៅក្នុងសាលហែលទឹក។ លទ្ធផលនៅលើអេក្រង់ធំបង្ហាញថា៖ Zheng Tao ទទួលបានមេដាយមាស! គាត់លោតចេញពីទឹកដោយក្តីរំភើបដូចជាមានស្លាបនៅពីក្រោយខ្នងគាត់ ហើយគាត់បានហាមាត់បញ្ចេញសំឡេងរំភើបយ៉ាងខ្លាំង។

សម្រាប់លោក Zheng Tao  វិញ្ញាសាហែលទឹកមេអំបៅចម្ងាយ ៥០ ម៉ែត្រនេះមិនមែនជារឿងងាយស្រួលទេ។ នៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងឡុងដ៍និងការប្រកួតកីឡាអូឡាំពិករីយ៉ូ គាត់យកបានត្រឹមតែមេដាយប្រាក់តែប៉ុណ្ណោះ។ ទីបំផុត នៅទីក្រុងតូក្យូ គាត់បានបញ្ជាក់ពីសមត្ថភាពខ្លួនឯង ដោយឈ្នះបានជើងឯក និងបំបែកឯតទគ្គកម្មពិភពលោក។

"(នៅទីក្រុងឡុងដ៍និងទីក្រុងរីយ៉ូ) ខ្ញុំចាញ់ក្នុងរយៈពេលតែសូន្យចុចប៉ុន្មានវិនាទីប៉ុណ្ណោះ!" នៅពេលផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ អ្នកកាសែតមិនទាន់សួរចប់ផង លោកZheng Tao បានប្រញាប់ឆ្លើយកាត់ថា "ទីបំផុតខ្ញុំបានឈ្នះ ហើយខ្ញុំចង់បានមេដាយមាសនេះ ព្រោះខ្ញុំមិនបានទទួលមេដាយមាសនៅក្នុងការប្រកួតពីរលើកមុនៗទេ។ " Zheng Tao មិនអាចទប់សេចក្ដីត្រេកអររបស់គាត់បានទេបន្ទាប់ពីឈ្នះការប្រកួត។

        ចំពេលនេះ គ្រូបង្វឹករបស់ Zheng Tao ដែលកំពុងឈរនៅក្បែរនោះបានស្រក់ទឹកភ្នែករួចទៅហើយ។ គ្រូនិងសិស្សដែលបានដើរឆ្លងកាត់ឧបសគ្គជាមួយគ្នា ពេលនេះហាក់ដូចជាមិនអាចព័ណ៌នាពីឧបសគ្គដែលខ្លួនបានហែលឆ្លងបានឡើយ។

  "តើលោកចង់ចែករំលែកភាពសប្បាយពេលនេះជាមួយអ្នកណាទៀតទេ?"

"ខ្ញុំចង់ប្រាប់កូនស្រីខ្ញុំថា ឃើញទេ?ប៉ាអាចហែលទឹកបានលឿនដូចនេះដែរ!”

កូនស្រីរបស់លោក Zheng Tao ឆ្នាំនេះមានអាយុជាងពីរឆ្នាំ។ ចិត្តរបស់ Zheng Taoដិតជាប់ដោយការសុំទោស  ដែលមិនអាចមើលថែកូនស្រីឱ្យបានជាប់លាប់។

Zheng Tao អាយុ ៣១ ឆ្នាំគឺជាកីឡាករជើងចាស់ដែលបានចូលរួមការប្រកួតកីឡាអូឡាំពិកចំនួន ៣ លើករួចមកហើយ។ បន្ទាប់ពីត្រលប់មកពី ក្រុងរីយ៉ូវិញ Zheng Tao បានរងរបួសខ្នងនិងឈឺសាច់ដុំចង្កេះ។ បន្ទាប់ពីព្យាបាលរបួសរួច គាត់បានត្រឡប់មកក្នុងអាងទឹកវិញ ហើយនៅតែហ្វឹកហាត់យ៉ាងខ្លាំងដូចកាលនៅវ័យក្មេង។ គាត់ហ្វឹកហាត់ច្រើនជាងមិត្តរួមក្រុមដទៃទៀតជារៀងរាល់ថ្ងៃ។ មុនពេលចូលរួមការប្រកួតនៅក្រុងតូក្យូ គាត់បានខំហ្វឹកហាត់ហែលទឹកចម្ងាយជាង ១ម៉ឺន ម៉ែត្រជារៀងរាល់ថ្ងៃ។

មួយនាទីនៅសាលប្រកួត ជាការខិតខំ១០ ឆ្នាំនៅក្រៅសាលប្រកួត។ នៅពេលដែល Zheng Tao យកក្បាលប៉ះជញ្ជាំងដើម្បីឈ្នះមេដាយមាស តាមពិតទៅ គាត់បានយកក្បាលប៉ះជញ្ជាំង រាប់ពាន់រាប់ម៉ឺនដងរួចទៅហើយក្នុងការហ្វឹកហាត់។ ប៉ុន្តែ ហេតុអ្វីបានជា Zheng Tao ជ្រើសរើសវិធីយកក្បាលប៉ះជញ្ជាំងនេះ? តើមានរឿងរ៉ាវអ្វីខ្លះនៅពីក្រោយភាពជោគជ័យរបស់គាត់?

វិថីជោគជ័យរបស់ Zheng Tao មិនមែនរលូនគ្មានឧបសគ្គឡើយ ហើយបើនិយាយថាវាមានភាពលំបាកនិងមានភាពបត់បែនពិសេសជាច្រើនក៏ថាបាន  ព្រោះគាត់គ្មានដៃទាំងគូ…គាត់មាន“ស្លាបកំបាំង” មួយគូ។

ឆ្នាំ១៩៩០ លោកZhengTao កើតក្នុងគ្រួសារកសិករមួយនៅខេត្តYunNan ភាគនីរតីនៃប្រទេសចិន ។ តាមពិត ZhengTao មិនមែនជាជនពិការពីកំណើតនោះទេ ។ ទោះបីកើតក្នុងគ្រួសារក្រីក្រមែន ប៉ុន្តែZhengTaoមានកុមារភាពដ៏សប្បាយរីករាយ ។

       កាលនោះ ZhengTao តែងតែណាត់ជាមួយមិត្តភក្តិក្នុងភូមិ ប្រឡែងគ្នាលេងទឹក ហែលទឹកនិងចាប់ត្រី...

       ដោយសារ ZhengTao ពូកែហែលទឹក បានជាក្មេងៗហៅគាត់ថា “XiaoYu”  មានន័យថាកូនត្រី។

       នៅរដូវក្តៅ អ្នកភូមិតែងតែរៀបចំឱ្យក្មេងៗធ្វើការប្រកួតហែលទឹក ។ នៅពេលនោះ ZhengTao ដូចកូនត្រីដ៏រស់រវើកមួយក្បាល ដែលតែងតែងទទួលបានជ័យលាភីលេខមួយក្នុងការប្រកួត ។ រាល់ពេលទទួលបានជ័យលាភីលេខ ១ ឪពុកម្តាយនឹងធ្វើម្ហូបឆ្ងាញ់ៗជាច្រើនដើម្បីអបអរទទួលគាត់ ។

ប៉ុន្តែ ជាអកុសល ឧប្បត្តិហេតុបានកើតឡើងនៅរដូវក្តៅ កាលពីZhengTao មានអាយុត្រឹមតែ ៧ ឆ្នាំប៉ុណ្ណោះ ។

នៅថ្ងៃនោះ ZhengTao និងមិត្តភក្តិរបស់គាត់ទើបឡើងចេញពីទឹកទន្លេ រាងកាយរបស់ពួកគេនៅសើមមិនទាន់ស្ងួត ។ ពេលដើរតាមផ្លូវ ពួកគេបានឃើញខ្សែភ្លើងដាច់ធ្លាក់មកមួយខ្សែ ។

 កាលពីនោះZhengTao មិនដឹងថាវាមានគ្រោះថ្នាក់ទេ ក៏យកដៃទៅប៉ះជាមួយខ្សែភ្លើង រួចក៏សន្លប់បាត់ស្មារតីក្នុងភាពឈឺចាប់យ៉ាងខ្លាំង។

       ពេលZhengTao  ដឹងខ្លួន គាត់កំពុងដេកព្យាបាលក្នុងមន្ទីរពេទ្យរួចទៅហើយ។

ក្នុងបន្ទប់ពេទ្យដ៏ងងឹត មានស្ត្រីម្នាក់បានស្រែកយំយ៉ាងខ្លោចផ្សា។ គាត់យំឡើងសំឡេងស្អករួចទៅហើយ ។

 ZhengTao កំពុងដេកលើគ្រែពេទ្យ មិនដឹងថាមានអ្វីកើតឡើងនោះទេ។ គាត់គ្រាន់តែចង់ជូតទឹកភ្នែកឲ្យម្តាយរបស់គាត់តែបែរជាមានអារម្មណ៍ថា ដៃទាំងពីររបស់គាត់បាត់ហើយ។

គាត់បានសំឡឹងមើលដៃទាំងពីររបស់ខ្លួន ហើយសួរថា “ដៃរបស់ខ្ញុំទៅណាហើយ ? ”

      តាមពិត បន្ទាប់ពីZhengTaoឆក់ខ្សែភ្លើងមក ចរន្តអគ្គិសនីមិនត្រឹមតែធ្វើឱ្យរលាកជាច្រើនកន្លែងក្នុងរាងកាយរបស់គាត់ប៉ុណ្ណោះទេ ថែមទាំងបណ្តាលឱ្យបាក់ឆ្អឹងដៃទាំងពីរយ៉ាងធ្ងន់ធ្ងរទៀតផង។

       វេជ្ជបណ្ឌិតបានប្រាប់ឪពុកម្តាយរបស់ZhengTao ថា ZhengTao កំពុងជួបគ្រោះថ្នាក់ដល់អាយុជីវិត ។ សរសៃប្រសាទនិងកោសិកានៅលើដៃរបស់គាត់ស្ទើរតែខូចទាំងស្រុង ថែមទាំងមានការឆ្លងមេរោគដ៏ធ្ងន់ធ្ងរទៀតផង ដូច្នេះ វេជ្ជបណ្ឌិតបានប្រាប់ឱ្យកាត់អវយវៈរបស់គាត់ចេញ។

ដំបូង ឪពុកម្តាយរបស់ZhengTao មិនយល់ព្រមឱ្យកាត់អវយវៈរបស់ZhengTao ទេ ប៉ុន្តែ ពេលឃើញកូនមានគ្រោះថ្នាក់ដល់អាយុជីវិត ឪពុកម្តាយមានតែចុះហត្ថលេខាដោយញ័រដៃ លើលិខិតយល់ព្រមឱ្យធ្វើការវះកាត់ ។

ចាប់ពីពេលនោះមក ZhengTao បានក្លាយជាជនពិការដៃទាំងសងខាង។

ZhengTao ធ្លាប់មានបញ្ហាបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ ដែលប្រែពីមនុស្សម្នាក់ដែលចូលចិត្តប្រឡែងគ្នាលេងជាមួយមិត្តភក្តិ ទៅជាមនុស្សម្នាក់ដែលមិនមានភាពក្លាហាន មិនសូវមាត់កនិងនៅតែក្នុងផ្ទះរាល់ថ្ងៃ ។

លើសពីនេះទៅទៀត គ្រួសាររបស់ZhengTao បានចំណាយលុយសន្សំស្ទើរតែទាំងអស់ទៅលើការវះកាត់នេះ ហើយបានជំពាក់លុយគេជាច្រើនទៀតផង ។ ពេលចុងក្រោយបំផុត ZhengTao សម្រេចចិត្តឈប់រៀន។

អ្នកភូមិបាននាំគ្នានិយាយថា

“មើលទៅ ZhengTaoប្រាកដជាលែងបានការអីហើយ !”

“តើគ្រួសារZhengTao រស់នៅយ៉ាងម៉េចបន្តទៀតទៅ ! ”

សូម្បីតែឪពុកម្តាយរបស់ZhengTaoក៏ធ្លាប់គិតថា ZhengTao នឹងពិបាកចិញ្ចឹមខ្លួនឯងបានណាស់ នៅពេលអនាគត។

ប៉ុន្តែ គ្មានអ្នកណានឹកស្មានដល់ថា ក្មេងប្រុសដ៏ទន់ខ្សោយពិការដៃទាំងពីររូបនេះ មិនត្រឹមតែអាចចិញ្ចឹមខ្លួនឯងបានប៉ុណ្ណោះទេ ថែមទាំងបានបង្កើតគ្រួសាររបស់ខ្លួន រហូតដល់តំណាងឱ្យមាតុប្រទេសចូលរួមការប្រកួតកីឡាអូឡាំពិក និងបានបង្កើតស្នាដៃដ៏អស្ចារ្យធ្វើឱ្យប្រជាជនលើពិភពលោកភ្ញាក់ផ្អើលផងដែរ ។

ចំណុចរបត់ទាំងអស់ត្រូវចាប់ផ្តើមដោយមានជំនួយពីស្រុកកំណើតរបស់គាត់ គឺសហព័ន្ធជនពិការខេត្តយូណាន។

បន្ទាប់ពីZhengTaoបាត់បង់ដៃទាំងពីរ សហព័ន្ធជនពិការក្នុងតំបន់បានជួយZhengTaoធ្វើបណ្ណពិការភាព និងផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចដល់គ្រួសារZhengTao។

ក្រោមការជួយរបស់សហព័ន្ធជនពិការ ZhengTaoចាប់ផ្ដើមមានស្មារតីងើបឡើងវិញ។

គាត់ចាប់ផ្តើមរៀនរស់នៅដោយប្រើជើង។ បន្តិចម្តងៗ គាត់រៀនចេះហូបបាយនិងលាងមុខដោយប្រើជើង។

៧ឆ្នាំកន្លងផុតទៅ។ ថ្ងៃមួយនៅឆ្នាំ២០០៤ លេខាបក្សភូមិបានមកដល់ផ្ទះរបស់ZhengTaoដោយដង្ហក់ ហើយស្រែកថា "សាលាកីឡាខេត្តមករកមនុស្ស! រកកីឡាករពិការ! ឆាប់ឱ្យZhengTaoទៅសាកមើលទៅ!"

គឺក្រុមហែលទឹកជនពិការខេត្តមករក កីឡាករថ្មី ដោយសារលឺថាមានក្មេងកាត់ដៃទាំងពីរម្នាក់ពូកែហែលទឹក ហើយក៏ចង់មកមើល។

ពេលឳពុកម្តាយរបស់ZhengTaoដឹងដំណឹងនេះហើយ ក៏បានបដិសេធ។

“អត់មានដៃ ទៅហ្វឹកហាត់កីឡាប្រាកដជាលំបាកហើយ។ មិនបានទេ”

ប៉ុន្តែ មិនចាំដល់ឳពុកម្តាយរបស់ខ្លួនយល់ព្រម ZhengTaoបានយល់ព្រមជាមុនដោយនិយាយថា“ ហ្វឹកហាត់លំបាក ក៏ល្អជាងមនុស្សអត់ប្រយោជន៍ដែរ ខ្ញុំចង់ទៅសាកមើល!”

ម្តាយនៅស្ងៀម មិននិយាយស្ដី។ យប់នោះ គ្រួសារបានហូបបាយម្ហូបឆ្ងាញ់ៗដោយខកខានមិនបានហូបយូរមកហើយ។

រដូវក្តៅនៅឆ្នាំនោះ ក្មេងគ្មានដៃទាំងគូអាយុ១៤ឆ្នាំ បានឈានជើងដើរលើផ្លូវជីវិតរបស់ខ្លួន។

ប្រសិនបើគ្រាន់តែរៀនហែលទឹក នេះពិតជាកីឡារល្អមួយសម្រាប់រាងកាយ។ តែបើចង់ធ្វើឱ្យការហែលទឹកក្លាយជាមុខរបរមួយ គឺមិនងាយស្រួលទេ។

ពេលZhengTaoចាប់ផ្តើមចុះក្នុងទឹក ដោយសារគ្មានដៃ ទើបពិបាករក្សាលំនឹងរាងកាយ ពេលខ្លះក៏ត្រូវឈ្លក់ទឹកថែមទៀត។

ដើម្បីតាមទាន់កម្រិតហ្វឹកហាត់របស់កីឡាករដទៃទៀត ZhengTaoហ្វឹកហាត់ខ្លាំងជាងអ្នកដទៃ។ អ្នកផ្សេងហ្វឹកហាត់ក្នុងទឹក៥ម៉ោង គាត់ហ្វឹកហាត់ក្នុងទឹក៨ម៉ោងឬ៩ម៉ោង។

    ដោយមានស្មារតីមិនទទួលយកបរាជ័យ ZhengTaoបាន រៀនចេះជំនាញដែលអាចហែលដោយសេរីក្នុងទឹក។ ទោះបីគ្មានដៃទាំងពីរ តែល្បឿនរបស់គាត់មិនចាញ់កីឡាករហែលទឹកមានដៃនោះទេ។

គឺដូចនេះ ដោយពឹងលើឆន្ទៈមិនទទួលយកបរាជ័យ និងការខិតខំប្រឹងប្រែងខុសពីធម្មតា ZhengTaoបានពុះពារឧបសគ្គ ឈានទៅរកការប្រកួតកីឡាអូឡាំពិក។

កីឡាប៉ារ៉ាឡាំពិកក្រុងក្រុងឡុងដ៍ឆ្នាំ២០១២ ឈ្នះជើងឯកក្នុងការប្រកួតកីឡា

ហែលទឹកផ្ងារបុរសចម្ងាយ១០០ម៉ែត្រ កម្រិតS6

កីឡាប៉ារ៉ាឡាំពិកក្រុងរីយ៉ូឆ្នាំ២០១៦ ឈ្នះជើងឯកក្នុងការប្រកួតកីឡាហែលទឹកផ្ងារ បុរស ចម្ងាយ១០០ម៉ែត្រ កម្រិតS6

កីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ឈ្នះជើងឯកក្នុងការប្រកួតកីឡាហែលទឹកមេអំបៅបុរសចម្ងាយ៥០ម៉ែត្រ កម្រិតS5

ZhengTaoដែលពោរពេញដោយថាមពលក្នុងការប្រកួត តាមពិតទៅគឺជាយុវជនដែលមានអត្តចរិតស្ងប់ស្ងាត់និងអៀនបន្តិចនៅខាងក្រៅ ហើយចូលចិត្តអានសៀវភៅនិងស្តាប់តន្ត្រី។

“ចាំយូរហើយរហូតដល់ថ្ងៃនេះ ទីបំផុតក្ដីស្រមៃក្លាយជាការពិតហើយ។”

នៅក្នុងម៉ោងសម្រាកនៃការហ្វឹកហាត់ ZhengTaoចូលចិត្តរកកន្លែងមួយ ដើម្បីច្រៀងចម្រៀងដែលខ្លួនឯងចូលចិត្ត។

 “ខ្ញុំចូលចិត្តចម្រៀងមួយបទច្រៀងដោយWangLihong  ចំណងជើង《改變自己》មានន័យថា “កែប្រែខ្លួនឯង” ដោយសារកាលពីមុនខ្ញុំខ្វះខាតទំនុកចិត្តលើខ្លួនឯង។”

ចម្រៀង《改變自己》មិនគ្រាន់តែជាចម្រៀងមួយបទប៉ុណ្ណោះទេ តែក៏ជាជំនឿចិត្តអនុវត្តក្នុងជីវភាពរស់នៅរបស់ZhengTaoផងដែរ។

តាមពិត ZhengTaoមានមូលហេតុជាច្រើនដែលខ្លួនចង់បោះបង់ជីវិតចោល តែគាត់មិនធ្វើដូចនេះទេ។

មូលហេតុដែលZhengTao ទទួលបានការគោរពពីមនុស្សគ្រប់គ្នា មិនមែនត្រឹមតែដោយសារតែគាត់ឈ្នះជើងឯកអូឡាំពិកប៉ុណ្ណោះទេ តែក៏ដោយសារតែសុបិនចង់កែប្រែជីវិតរបស់ខ្លួន និងប្រឹងប្រែងឱ្យលើសពីខ្លួនឯង។

នេះគឺជាការគោរពចំពោះជីវិត ហើយក៏ជាការស្វែងរកសុបិនផងដែរ៕

អ្នកបកប្រែ:李慶莉
ប្លុកពិសេស