លោក ​ស៊ីជីនភីង ​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​ចិន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​Kim ​Jong ​Un​ ប្រធាន​បក្ស​ពលករ​កូរ៉េខាង​ជើង​
2018-03-28 13:14:26  cri  Web Editor:Sun

     តបតាម​សេចក្តីអញ្ជើញ​របស់​លោក ​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​និងជា​ប្រធានរដ្ឋចិន​ លោក​ Kim ​Jong ​Un​ ប្រធាន​បក្ស​ពលករ​កូរ៉េខាងជើង​និងជា​ប្រធាន​គណៈកម្មាធិការកិច្ចការ​រដ្ឋនៃ​កូរ៉េខាងជើង​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្រៅផ្លូវការ​នៅ​ប្រទេសចិន​ពីថ្ងៃទី២៥​ដល់​ថ្ងៃទី២៨​ខែមីនាឆ្នាំ២០១៨ 

ក្នុង​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសចិន​ លោក ​Kim ​Jong ​Un​ បាន​ចូល​ជួបសម្តែង​ការគួរសម​និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ​ស៊ីជីនភីង​​នៅ​វិមានសភា​ប្រជាជន​  ​លោក ​ស៊ីជីនភីង ​អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​និង​លោកជំទាវ​ ផឹងលីយាន់​ ជាភរិយា​បាន​រៀបចំ​​ពិធីជប់លៀង​ដើម្បី​ស្វាគមន៍​ដំណើរ​របស់​លោក Kim ​Jong ​Un​ ប្រធាន​បក្ស​ពលករ​កូរ៉េខាងជើង​និង​លោកជំទាវ ​Ri​ Sol Ju​ ជាភរិយា​ព្រមទាំង​រួមគ្នា​ទស្សនា​ការសម្តែង​សិល្បៈ​ផងដែរ 

លោក​ Li ​Keqiangសមាជិក​​គណៈអចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​និងជា​នាយករដ្ឋមន្ត្រីចិន​ លោក ​Wang ​Huning ​សមាជិក​​គណៈអចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​និងជា​លេខាធិការនៃ​លេខាធិការដ្ឋាន​មជ្ឈិមចិន ​ព្រមនិង​លោក ​Wang​ Qishan ​អនុប្រធានរដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​សកម្មភាព​​ពាក់ព័ន្ធ​ដោយឡែក​ពីគ្នា 

    ក្នុង​កិច្ច​ជំនួប​​ លោក​ ស៊ីជីនភីង ​បាន​តាងនាម​ឲ្យ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​សំដែង​ការស្វាគមន៍​យ៉ាង​​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេសចិន​ជាលើកដំបូង​របស់​លោក Kim ​Jong ​Un​ ។​ លោក​ស៊ីជីនភីង​ថ្លែងថា ​លោកបាន​ផ្ញើសារ​ជូនពរ​ចំពោះ​ខ្ញុំ​ដែល​ត្រូវ​បាន​ជ្រើសតាំង​ជាអគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​និងជា​ប្រធាន​គណៈកម្មាធិការ​យោធា​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​ជាថ្មី​ទៀត​បន្ទាប់ពី​សមាជ​បក្សកុម្មុយនិស្តចិន​លើកទី១៩​ ហើយ​ប៉ុន្មានថ្ងៃមុន ​លោក​ក៏បាន​ផ្ញើសារ​ភ្លាមៗ​ដើម្បី​ជូនពរ​ចំពោះ​ខ្ញុំ​ដែល​ត្រូវបាន​ជ្រើសតាំង​ជាប្រធានរដ្ឋចិន​និងជា​ប្រធាន​គណៈកម្មាធិការ​យោធាមជ្ឈិមចិន​ជាថ្មី​ទៀត​ ខ្ញុំសូម​ថ្លែង​អំណរគុណ​ចំពោះ​រឿង​នេះ ​។ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេសចិន​លើកនេះ ​គឺធ្វើឡើង​ក្រោម​កាលៈទេសៈ​ពិសេស​និងមាន​សារសំខាន់​ណាស់​ ដែល​បង្ហាញ​យ៉ាង​ពេញលេញនូវ​ការយកចិត្តទុកដាក់​​ខ្ពស់​របស់​លោក​​ប្រធាន​បក្ស​ពលករ​កូរ៉េខាងជើង​និង​មជ្ឈិមបក្ស​ពលករ​កូរ៉េខាងជើង​ចំពោះ​ទំនាក់ទំនង​រវាង​បក្ស​​និង​ប្រទេស​ទាំងពីរ​ចិននិង​កូរ៉េខាងជើង ​ខ្ញុំសូម​វាយតម្លៃ​ខ្ពស់​ចំពោះ​រឿង​នេះ 

    លោក ​Kim ​Jong ​Un​ ថ្លែងថា​ ថ្មីៗ​កន្លងទៅនេះ​ ប្រទេសចិន​មាន​ព្រឹត្តិការណ៍ធំៗ​និង​រឿង​គួរឲ្យ​សប្បាយ​រីករាយ​ជាច្រើន កាលពី​ឆ្នាំទៅ បក្សកុម្មុយនិស្តចិន​បាន​រៀបចំ​សមាជ​បក្សកុម្មុយនិស្តចិន​លើកទី ១៩ ​ដោយ​ជោគជ័យ​ កាលពី​ពេលថ្មីៗ​កន្លងទៅ​ក៏បាន​រៀបចំ​មហាសន្និបាត​នៃសភា​ទាំងពីរ​ដោយ​ជោគជ័យ​ទៀត ​លោកស៊ីជីនភីង​ទទួលបាន​ការគោរព​ស្រឡាញ់​ពី​សំណាក់ប្រជាជន​បក្ស​និង​រដ្ឋ​ទាំងមូល​ ក្លាយជា​ប្រមុខស្នូល​នៃថ្នាក់​ដឹកនាំ ​ហើយ​ក៏បាន​ត្រូវ​ជ្រើសតាំងជា​ប្រធានរដ្ឋ ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​ជាថ្មីទៀត​ អនុលោមតាម​ប្រពៃណី​ដ៏មាន​មេត្រីភាព​រវាង​កូរ៉េខាងជើង​និងចិន ​ខ្ញុំគួរតែ​មកប្រទេសចិន​ដើម្បី​សំដែង​ការជូនពរ​ចំពោះ​លោក​ដោយផ្ទាល់  ​បច្ចុប្បន្ន ​ស្ថានការណ៍​ឧបទ្វីបកូរ៉េ​បាន​វិវឌ្ឍ​រីកចម្រើន​យ៉ាងលឿន​ មាន​ការប្រែប្រួល​សំខាន់ៗ​ជាច្រើន​ ហេតុនេះ​មិនថា​និយាយពី​មនោសញ្ចេតនា​ឬ​សីលធម៌​នោះទេ​ ក៏ខ្ញុំ​គួរតែ​មកផ្តល់​ដំណឹង​ផ្ទាល់​និង​ទាន់ពេលវេលា​អំពី​សភាពការណ៍​ពាក់ព័ន្ធ​ចំពោះ​លោក​អគ្គលេខាធិការ​បក្ស​ស៊ីជីនភីង​ផងដែរ 

    លោក​ស៊ីជីនភីង​ថ្លែងថា ​មិត្តភាព​ប្រពៃណី​រវាង​ចិននិង​កូរ៉េខាងជើង​គឺ​ពូនជ្រំឡើង​និង​បណ្តុះបណ្តាល​ដោយ​យកចិត្តទុកដាក់​ពីសំណាក់​ថ្នាក់ដឹកនាំ​ជំនាន់មុនៗ​រវាងបក្ស​និង​រដ្ឋ​ទាំងពីរ ​ជា​ទ្រព្យសម្បត្តិរួម​ដ៏មានតម្លៃ​របស់​ភាគី​ទាំងពីរ ។​ រំលឹក​ឡើងវិញ​ពីអតីតកាល​ ថ្នាក់ដឹកនាំ​ជំនាន់មុនៗ​របស់យើង​មានឧត្តមគតិ​និង​ជំនឿចិត្ត​ដូចគ្នា​ព្រមនិងមិត្តភាព​បដិវត្តន៍​ដ៏ជ្រាលជ្រៅ ​ជឿទុកចិត្តគ្នា ​គាំទ្រគ្នា​ទៅវិញទៅមក​ បានចារជាទំព័រ​ដ៏ល្អបវរ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​អន្តរជាតិ  ​ជានិច្ចកាល​ ថ្នាក់ដឹកនាំ​ប៉ុន្មានជំនាន់​នៃប្រទេស​ចិននិង​កូរ៉េខាងជើង​តែងតែបាន​រក្សា​ការប្រាស្រ័យ​ទាក់ទងគ្នា​យ៉ាងជិតស្និទ្ធ​ដូចជា​ញាតិសន្តាន​  ក្នុងការ​អនុវត្ត​ជាក់ស្តែង​អស់រយៈពេល​ជាយូរមក​ បក្ស​និងរដ្ឋ​នៃប្រទេស​ទាំងពីរ​ចិននិង​កូរ៉េ​ខាងជើង​បាន​គាំទ្រគ្នា​និង​សហការគ្នា​ទៅវិញ​ទៅមក បានរួមចំណែក​សំខាន់​ក្នុង​ការអភិវឌ្ឍ​បុព្វហេតុ​សង្គមនិយម ​។ ខ្ញុំ​និង​លោក​ប្រធានបក្ស​ Kim ​Jong ​Un​ សុទ្ធតែជា​អ្នកឆ្លងកាត់​ផ្ទាល់​និង​ជាសាក្ខីកម្ម​នៃការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិននិង​កូរ៉េខាងជើង ​។ ភាគីយើង​ទាំងពីរ​ធ្លាប់​បង្ហាញ​ជាច្រើនលើក​ហើយថា​ គួរតែ​បន្តឥត​ឈប់ឈរ​នូវ​មិត្តភាព​ប្រពៃណី​រវាងចិន​និងកូរ៉េខាងជើង​និង​ពង្រឹងនិង​ពង្រីកឲ្យ​កាន់តែ​ល្អប្រសើរ  ​នេះជា​ជម្រើស​យុទ្ធសាស្ត្រ​របស់​ភាគីទាំងពីរ​ដោយ​ឈរលើ​ប្រវត្តិសាស្ត្រ ​ការពិតជាក់ស្តែង​ និម្មាបនកម្ម​តំបន់និង​អន្តរជាតិ​ព្រមនិង​ស្ថានការណ៍​ទូទៅ​នៃទំនាក់ទំនង​រវាង​ចិននិង​កូរ៉េខាងជើង ​ហើយក៏ជា​ជម្រើស​ដ៏ត្រឹមត្រូវ​តែមួយគត់​ផងដែរ ​មិនគួរ​ឬ​មិនអាច​ប្រែប្រួល​ដោយសារតែ​រឿងអ្វីមួយ​ឬ​កាលៈទេសៈ​អ្វីមួយ​នោះឡើយ 

    លោកស៊ីជីនភីងបានគូសបញ្ជាក់ទៀតថា​ ​បក្សនិងរដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការមេត្រីភាពរវាងចិននិងកូរ៉េខាងជើង​​ការគាំពារឲ្យបានល្អ​ ​ពង្រឹងឲ្យបានល្អ​ និងអភិវឌ្ឍឲ្យបានល្អនូវទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើងគឺជាគោលការណ៍ណែនាំដ៏មុតមាំមិនងាករេរបស់បក្សនិងរដ្ឋាភិបាលចិនយើងខ្ញុំរីករាយរួមសហការជាមួយមិត្ត​​កូរ៉េខាងជើង​   ​មិនបំភ្លេចក្តីបំណងដើម​  ​ពួតដៃឈានទៅមុខជាមួយគ្នា​​ដើម្បីរួមចំណែកថ្មីសម្រាប់ការជំរុញទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើងឲ្យវិវឌ្ឍរីកចម្រើនដោយរឹងមាំក្នុងរយៈពេលយូរអង្វែង​ ក្នុងន័យផ្តល់សុភមង្គលជូនដល់ប្រទេសនិងប្រជាជននៃ ប្រទេសទាំងពីរ​ ​  ក៏ដូចជារួមចំណែកថ្មីសម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរគឺបន្តដើរតួនាទីណែនាំនៃការប្រាស្រ័យទាក់ទងជាន់​​ខ្ពស់​​ជានិច្ចកាលការប្រាស្រ័យទាក់ទងជាន់ខ្ពស់តែងតែបានដើរតួនាទីណែនាំនិងជំរុញដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើង ​ក្រោមស្ថានការណ៍ថ្មី​​ ខ្ញុំរីករាយរក្សាការប្រាស្រ័យទាក់ទងជាញឹកញាប់ជាមួយលោកប្រធានបក្សតាមរូបភាពបំពេញទស្សនកិច្ចទៅវិញទៅមក​  ​ចាត់បញ្ជូនបេសកជនទៅវិញទៅមក​ ​និងផ្ញើសារលិខិតទៅវិញទៅមកជាដើម ​ ទីប្រើប្រាស់ឲ្យបានពេញលេញនូវមធ្យោបាយល្អជាប្រពៃណីសម្រាប់ការផ្លាស់ប្តូរមតិយោបល់ជាយុទ្ធសាស្រ្ត​  ​ពោលគឺការផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាធំនិងសំខាន់ជាញឹកញាប់​  ​វាគឺជាប្រពៃណីដ៏មានមោទនភាពនៃបក្សទាំងពីរចិននិងកូរ៉េខាងជើង គប្បីរដើរតួនាទីសំខាន់នៃការប្រាស្រ័យទាក់ទងរវាងបក្សនិងបក្ស​ ​ជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ​ ​បង្កើនការផ្លាស់ប្តូរនិងកសាងទំនុកចិត្តលើគ្នា ​ទីគឺជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍដោយសន្តិភាព ​បច្ចុប្បន្ននេះ​ ​សង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសនៃប្រទេសចិនបានឈានចូលយុគសម័យថ្មីហើយ​ ​ហើយកិច្ចកសាងសង្គមនិយមរបស់កូរ៉េខាងជើងក៏បានឈានចូលដំណាក់កាលថ្មីនៃ ប្រវត្តិសាស្ត្រផងដែរ​ ​យើងខ្ញុំរីករាយរួមសហការជាមួយភាគីកូរ៉េខាងជើង​  ​ធ្វើកិច្ចខិតខំប្រឹងប្រេងជាមួយគ្នា​ ​សម្របទៅនឹងចន្តនៃយុគសម័យ​ ​ជ្រោងទង់សន្តិភាព​  វឌ្ឍនភាព​  កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ​ បង្កើនសេចក្តីសុខសុភមង្គលជូនដល់ប្រជាជននៃ ប្រទេសទាំងពីរឥតឈប់ឈរ​ ​ដើម្បីរួមវិភាគទានជាវិជ្ជមានសម្រាប់សន្តិភាព​ ​ស្ថិរភាពនិងវឌ្ឍនភាពក្នុងតំបន់​ ​ទីគឺពង្រឹងមូលដ្ឋាននៃក្តីបំណងប្រជាជនស្តីពីចំណងមិត្តភាពរវាងចិននិងកូរ៉េខាងជើង ភាគីទាំងពីរគួរតែឆ្លងតាមគ្រប់ទម្រង់ដើម្បីបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ​ ​ពង្រឹងមូលដ្ឋានខាងក្តីបំណងប្រជាជនស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ​ ​ជាពិសេសគឺបង្កើនការផ្លាស់ប្តូររវាងយុវជននៃប្រទេសទាំងពីរ​ ​ក្នុងន័យទទួលបន្តវេននិងពង្រីកប្រពៃណីដ៏ល្អប្រសើរនៃចំណងមិត្តភាពរវាងចិននិងកូរ៉េខាងជើង

      ជាការឆ្លើយតប​ ​លោក ​Kim Jong Unបានថ្លែងថា​ ​លោកអគ្គលេខាធិការបក្សស៊ីជីនភីងលើកពីមតិយោបល់ដ៏សំខាន់អំពីចំណងមិត្តភាពរវាងកូរ៉េខាងជើងនិងចិន​  ​ព្រមនិងការអភិវឌ្ឍទំនាក់ទំនងរវាងបក្សនិងប្រទេសទាំងពីររវាងកូរ៉េខាងជើងនិងចិន​ ​បានញ៉ាំងឲ្យខ្ញុំទទួលបានការលើកទឹកចិត្តនិងការបំផុសគំនិតយ៉ាងខ្លាំង​ ​ចំណងមិត្តភាពរវាងកូរ៉េខាងជើងនិងចិនដែលបង្កើតឡើងដោយផ្ទាល់ដៃរវាងថ្នាក់ដឹកនាំជំនាន់ចាស់នៃភាគីទាំងពីរ​​គឺមិនអាចធ្វើឲ្យរង្គោះរង្គើបានទេ ​ការបន្តវេននិងអភិវឌ្ឍចំណងមិត្តភាពរវាងកូរ៉េខាងជើងនិងចិនក្រោមស្ថានការណ៍ ថ្មីគឺជាជម្រើសជាយុទ្ធសាស្រ្តរបស់ភាគីកូរ៉េខាងជើងដែលមិនកែប្រែឡើយទោះក្រោមស្ថានការណ៍បែបណាក៏ដោយ​  ដំណើរទស្សនកិច្ចរបស់ខ្ញុំលើកនេះគឺដើម្បីជួបជាមួយមិត្តចិនផ្ទាល់ក្នុងន័យបង្កើនការផ្លាស់ប្តូរជាយុទ្ធសាស្រ្ត​ ​និងបង្កើនចំណងមិត្តភាពប្រពៃនី ​រំពឹងថាតទៅថ្ងៃមុខនឹងមានពេលជួបពិភាក្សាជាមួយលោកអគ្គលេខាធិការឲ្យបានច្រើន​ ​ហើយរក្សាការប្រាស្រ័យដ៏ជិតស្និទ្ធតាមរូបភាពចាត់បញ្ជូនបេសកជនទៅវិញទៅមក​ ​និងផ្ញើសារលិខិតដែលសរសេរផ្ទាល់ដៃជាដើម​ ​ដើម្បីជមរុញឲ្យកិច្ចជំនួបជាន់ខ្ពស់ក្លាយជាការណែនាំឲ្យទំនាក់ទំនងរវាងបក្សនិងរដ្ឋាភិបាលទាំងពីរមានការអភិវឌ្ឍដល់កម្រិតថ្មីថែមទៀត

       ភាគី​ទាំងពីរ​បាន​ផ្តល់ជូន​ព័ត៌មាន​ទៅវិញ​ទៅមក​ស្តីពី​​សភាពការណ៍​ក្នុង​ប្រទេស​រៀងៗខ្លួន។ ​លោក ស៊ី ជីនភីង ​បាន​ថ្លែង​ថា ​សមាជ​បក្ស​កុម្មុនិយស្ត​ចិន​លើក​ទី ១៩ ​បាន​កំណត់​ពី​ផែនទី​បង្ហាញ​ផ្លូវ​​ដ៏​មហិមា​សម្រាប់ការកសាង​​ប្រទេស​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​របស់​ចិន​ដ៏​​ខ្លាំងក្លា​និង​ទំនើប​ដោយ​គ្រប់ជ្រុងជ្រោយ​​ ​ពោលគឺ​នឹង​សម្រេច​ការកសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​រស់នៅ​ធូរធារ​បង្គួរ​ដោយគ្រប់ជ្រុងជ្រោយ​នៅ​ឆ្នាំ ២០២០  ​,  ដល់ឆ្នាំ ២០៣៥ ​នឹងសម្រេច​ជា​មូលដ្ឋាន​នូវ​​ការកសាង​​សង្គមនិយម​ទំនើប​ ​ហើយ​ដល់​ពាក់កណ្តាល​សតវត្សរ៍​ទី ២១ នេះ ​នឹង​កសាង​ប្រទេស​ចិន​ឲ្យ​ទៅ​ជា​ប្រទេស​សង្គមនិយម​ដ៏​ខ្លាំងក្លា​និង​ទំនើប ​ដែល​ប្រកប​ដោយ​ភាពសម្បូរ​សប្បាយ ​ប្រជាធិបតេយ្យ​ ​អរិយធម៌ ​ភាពចុះសម្រុងគ្នា ​និង​ស្រស់ស្អាត។ ​បក្ស​កុម្មុយនិស្ត​ចិន​នឹង​ដឹកនាំ​ប្រជាជន​គ្រប់​ជនជាតិ​ទូទាំង​ប្រទេស​ឲ្យ​ធ្វើ​ការខិតខំ​តស៊ូ​ឈានទៅមុខ​តទៅទៀត ​សកម្ម​នឹង​ការងារ​ ​បន្ត​​​​តស៊ូ​​ពុះពារ​ដើម្បី​​សម្រេច​​សុបិនចិន​​ស្តីពី​ការស្តារឡើងវិញ​នូវ​ភាពរុងរឿង​ដ៏​មហិមា​របស់​ជនជាតិ​ចិន​។​ ​យើង​ខ្ញុំ​បាន​​កត់​សម្គាល់​ថា​  ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ  ​លោក​​ប្រធាន​គណៈកម្មាធិការ​បក្ស​​​បាន​ដឹកនាំ​បក្ស​និង​ប្រជាជន​កូរ៉េ​ខាង​ជើង​ ដោយ​ចាត់​​វិធានការ​វិជ្ជមាន​មួយ​ចំនួន​ក្នុង​វិស័យ​ដូចជា​អភិវឌ្ឍ​​សេដ្ឋកិច្ច ​កែលម្អ​ជីវភាពរស់​នៅ​របស់​ប្រជាជន​ ​ដែល​ទទួល​បាន​សមិទ្ធផល​ជាច្រើន​។  ​យើងខ្ញុំ​សង្ឃឹម​កូរ៉េ​ខាង​ជើង​មាន​ស្ថិរភាព​នយោបាយ​ ​សេដ្ឋកិច្ច​ទទួល​បាន​​ការវិវឌ្ឍ​រីក​ចម្រើន ​ហើយ​ប្រជាជន​មាន​សុភមង្គល ​​គាំទ្រ​បក្ស​ពលករ​កូរ៉េ​ខាង​ជើង​ដែល​មាន​លោកប្រធាន​គណៈកម្មាធិការ​នៃ​មជ្ឈិម​បក្ស​ជា​ប្រមុខ​ដឹកនាំ​ ​​បន្ត​ដឹកនាំ​ប្រជាជន​កូរ៉េ​ខាង​ជើង​ឲ្យ​ឈានទៅមុខ​តាម​ផ្លូវ​សង្គមនិយម​ ​​​គាំទ្រ​ការខិតខំ​ប្រឹងប្រែង​ដ៏​សកម្ម​របស់​មិត្ត​កូរ៉េ​ខាង​ជើង​ ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​កែលម្អ​ជីវភាពរស់នៅ​របស់​ប្រជាជន​​កូរ៉េ​ខាង​ជើង​។

       ជា​ការឆ្លើយ​តប  ​លោក Kim ​Jong ​Un ​បាន​ថ្លែង​ថា  ​តាំងពី​ការបើកធ្វើ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៨ ​​មក  ​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ដែល​មាន​លោក ស៊ី ជីនភីង ​ជា​​ប្រមុខ​ស្នូល​បាន​បង្ហាញ​នូវ​សេចក្តី​អង់អាច​ក្លាហាន​ផ្នែក​នយោបាយ​ដ៏​ធំសម្បើម​និង​មាន​ឥរិយាបថ​ទទួល​ខុសត្រូវ​​ខ្ពស់  ​បាន​លើកឡើង​គំនិត​​និង​​ទស្សរៈ​ថ្មី​ៗ​ និង​​អនុវត្ត​ជាក់ស្តែង​  ​ដែល​បាន​ដោះស្រាយ​ឧបសគ្គ​និង​រឿង​ធំៗ​ជា​ច្រើន​ដែល​ពិបាក​​​ដោះស្រាយ​​​ក្នុង​ពេល​ជា​យូរ​មក  ​ដែល​នេះ​បាន​បង្ហាញ​​យ៉ាង​ពេញលេញ​ថា  ​មាគ៌ា​របស់​បក្ស​កុម្មុយនិស្ត​ចិន​គឺ​ជា​​មាគ៌ា​ដ៏​ត្រឹមត្រូវ​ដែល​សមស្រប​នឹង​សភាពការណ៍​ជាតិ​របស់​ចិន​ ​ ជាពិសេស  លោក​អគ្គលេខាធិការ​បាន​លើកឡើង​ថា​ ​បក្ស​ត្រូវ​គ្រប់គ្រង​បក្ស ​ត្រូវធ្វើ​ការគ្រប់គ្រង​បក្ស​ដោយ​តឹងរ៉ឹងនិង​​គ្រប់​ជ្រុងជ្រោយ​​ ​ដែល​ប្រការ​នេះ​បាន​បង្កើន​យ៉ាង​ខ្លាំង​ដល់​កិច្ចកសាង​បក្ស​ ​ក៏ដូចជា​បាន​សម្រេច​នូវ​ការដឹកនាំ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ចំពោះ​ការងារ​លើ​គ្រប់​វិស័យ​របស់​បក្ស​ផង​ដែរ​។ ​​បច្ចុប្បន្ន​នេះ  ​​បក្ស​ពលករ​យើង​ក៏​កំពុង​បង្កើន​កម្លាំង​ធ្វើ​ការតស៊ូ​ប្រយុទ្ធ​ជាមួយនឹង​​ទង្វើ​ក្អេង​ក្អាង​ដោយ​សារ​​អំណាច​​ ​ការិល័យនិយម​ ​និង​អំពើ​ពុករលួយ​ផង​ដែរ​​។​ ​​សូម​ជូន​ពរ​ដោយ​ស្មោះ​​ដល់​ប្រទេស​ចិន​ ​ឲ្យ​បន្ត​ទទួល​បាន​សមិទ្ធផល​ដ៏​​មហិមា​​ឥត​ឈប់ឈរ​ ក្នុង​ដំណើរ​​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​​​បង្គួរ​ថ្មី​ៗ​ដោយ​គ្រប់ជ្រុងជ្រោយ​ ​និង​ការកសាង​ប្រទេស​​សង្គមនិយម​ដ៏​ខ្លាំងក្លា​និង​ទំនើប​។

    ថ្នាក់ដឹកនាំទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅចំពោះបញ្ហាអន្តរជាតិនិងស្ថានការណ៍នៅឧបទ្វីបកូរ៉េ។

    លោកស៊ីជីនភីងបានថែ្លងថា​ ចាប់ពីចូលឆ្នាំនេះ​ ស្ថានការណ៍នៅឧបទ្វីបកូរ៉េបានកើតមានការប្រែប្រួលជាវិជ្ជមាន។កូរ៉េខាងជើងបានធ្វើខិតខំប្រឹងប្រែងដ៏សំខាន់ចំពោះរឿងនេះ​ យើងខ្ញុំសូមសំដែងការកោតសរសើរដល់កូរ៉េខាងជើង។ទាក់ទិននឹងបញ្ហាឧបទ្វីបកូរ៉េប្រទេសចិនបានប្រកាន់ខ្ជាប់ការសម្រេចឲ្យបាននូវគោលដៅគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ​ ធានាគាំពារសន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េព្រមនិងដោះស្រាយបញ្ហាតាមរយៈកិច្ចពិគ្រោះពិភាក្សា។ប្រទេសចិនសូមអំពាវនាវឲ្យភាគីនានាគាំទ្រដល់ភាគីខាងជើងនិងខាងត្បូងនៃឧបទ្វីបកូរ៉េដើម្បីកែលម្អទំនាក់ទំនងរវាងភាគីទាំងពីរនិងរួមគ្នាធ្វើការខិតខំប្រឹងប្រែងជាក់ស្តែងដើម្បីជួយជំរុញឲ្យមានកិច្ចចរចាដោយសន្តិវិធី។ប្រទេសចិនរីករាយក្នុងការដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនានៅលើបញ្ហាឧបទ្វីបកូរ៉េជាបន្តទៀតនិងរួមសហការជាមួយភាគីនានា ​បូករួមទាំងភាគីកូរ៉េខាងជើងផងដើម្បីរួមគ្នាជំរុញស្ថានការណ៍នៅឧបទ្វីបកូរ៉េឲ្យឈានទៅរកភាពធូរស្រាល។

លោក ​Kim​ Jong​ Un​ បានថែ្លងថា​ ស្ថានការណ៍នៅឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្ននេះបានចាប់ផ្តើមវិវឌ្ឍទៅតាមទិសដៅដ៏ល្អប្រសើរហើយ។ភាគីកូរ៉េខាងជើងបានចាត់វិធានការដើម្បីបន្ធូរបន្ថយភាពតានតឹងនិងលើកសំណើរធ្វើការចរចាសន្តិភាព។អនុលោមតាមពាក្យបណ្តាំរបស់លោកប្រធានរដ្ឋ ​Kim Il Sung ​និងលោកអគ្គលេខាធិការ ​Kim​ Jong ​Il ​ភាគីកូរ៉េខាងជើងបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការគ្មានអាវុធនុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េដែលឥតកែប្រែជានិច្ច។កូរ៉េខាងជើងប្តេជ្ញាធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងប្រែទៅជាទំនាក់ទំនងសហប្រតិបត្តិការនិងផ្សះផ្សាគ្នា ​ដូចជាការរៀបចំកិច្ចជំនួបសន្ទនានៃប្រមុខរដ្ឋរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងព្រមទាំងរីករាយក្នុងការធ្វើកិច្ចសន្ទនាជាមួយភាគីសហរដ្ឋអាមេរិក​ ហើយនឹងរៀបចំកិច្ចជំនួបសន្ទនានៃប្រមុខរដ្ឋរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកទៀតផង។ប្រសិនបើកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនឹងឆ្លើយតបដោយសុទ្ធចិត្តចំពោះកិច្ចប្រឹងប្រែងរបស់ភាគីកូរ៉េខាងជើង​ ដោយបង្កបង្កើតនូវបរិយាកាសសន្តិភាពនិងស្ថិរភាពព្រមនិងចាត់វិធានការជាដំណាក់កាលនិងដើរស្របគ្នាដើម្បីសម្រេចបាននូវសន្តិភាព​ នោះបញ្ហាគ្មានអាវុធនុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េនឹងអាចត្រូវបានដោះស្រាយហើយ។នៅក្នុងដំណើរនេះ​ ភាគីកូរ៉េខាងជើងរំពឹងថា​ នឹងអាចបង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្តជាមួយភាគីចិនដើម្បីរួមគ្នាគាំពារនិន្នាការនៃការពិគ្រោះពិភាក្សា ​ក៏ដូចជាសន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េ។

      មុន​ពេល​កិច្ច​ជំនួប​ ​លោក​ស៊ីជីនភីង​បាន​រៀបចំ​ពិធី​បដិសណ្ឋារកិច្ច​ចំពោះ​លោក Kim​ Jong​ Un​ នៅ​សាល​ខាងជើង​នៃ​វិមានសភា​ប្រជាជន​។

     បន្ទាប់​ពី​កិច្ច​ជំនួប​ ​លោក​ស៊ីជីនភីង​និង​លោក​ស្រីPeng​ Liyuanជា​ភរិយា​បាន​រៀបចំ​ពិធី​ជប់​ដំណើរ​របស់​លោក Kim​ Jong​ Un​ និង​លោក​ស្រីRiSolJuជា​ភរិយា​។​ថ្លែង​ក្នុង​សុន្ទរកថា​ស្វាគមន៍ ​លោក​ស៊ីជីនភីង​បាន​លើកឡើង​ថា ​​លោក ​Kim​ Jong​ Un​ និង​លោក​ស្រីRiSolJuមក​បំពេញ​ទស្សនកិច្ច​ក្រៅ​ផ្លូវ​ការ​នៅ​ប្រទេស​ចិន ​គឺ​ជា​រឿង​ដែល​មាន​អត្ថន័យ​សំខាន់​ក្រៃ​លែង​សម្រាប់​ការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ភាគី​ទាំងពីរ​ក៏​ដូច​ជា​បង្កើន​និង​ជំរុញ​កិច្ច​សម្របសម្រួល​និង​កិច្ច​សហប្រតិបត្តិការ​គ្នា។​ព្រម​ពេល​ជា​មួយ​គ្នា ​ក៏​ជំរុញ​ទំនាក់​ទំនង​រវាង​បក្ស​និង​ប្រទេស​ទាំង​ពីរ​ឲ្យ​បោះ​ជំហាន​ថ្មី​មួយ​ទៀត​តៅ​កាន់​យុគសម័យ​ថ្មី​នៃ​ប្រវត្តិសាស្រ្ត​និង​រួម​ចំណែក​សំខាន់​ដល់​ការ​ជំរុញ​សន្តិភាព​ ស្ថិរភាព​និង​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ។​អម្បាញ់មិញ​នេះ​ខ្ញុំ​ទើប​បាន​ធ្វើ​កិច្ច​សន្ទនា​ដ៏​ស្មោះ​ត្រង់​និង​ប្រកប​ដោយ​មេត្រីភាព​ជា​មួយ​លោក ​Kim ​Jong ​Un​ ។យើង​បាន​ឯកភាព​គ្នា​ថា ​ការ​បន្ត​វេន​និង​ពង្រីក​ចំណង​មិត្តភាព​ប្រពៃណី​រវាង​ចិន​និង​កូរ៉េ​ខាង​ជើង​គឺ​វា​សមស្រប​ទៅនឹង​ផលប្រយោជន៍​របស់​ភាគី​ទាំង​ពីរ ​ហើយ​ក៏​ជា​ជម្រើស​ជា​យុទ្ធសាស្រ្ត​រួម​របស់​ភាគី​ទាំង​ពីរ​ផងដែរ។

     ពេល​ឡើង​ថ្លែង​សន្ទរកថា ​លោក ​Kim​ Jong​ Un​ បាន​លើក​ឡើង​ថា ​ក្រោម​បរិបទ​ដែល​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​មាន​ការ​ប្រែប្រួល​ដ៏​ធំ​សម្បើម ​ខ្ញុំ​បាន​ពាំនាំ​មក​នូវ​បំណង​ប្រាថ្នា​ដ៏​ល្អ​បវរ​ដែល​ចង់​ជំរុញ​ឲ្យ​ឧបទ្វីប​កូរ៉េ​មាន​សន្តិភាព​និង​ស្ថិរភាព ​បន្ត​វេន​និង​ពង្រីក​ចំណង​មិត្តភាព​រវាង​កូរ៉េ​ខាង​ជើង​និង​ចិន​ទើប​បាន​មក​ធ្វើ​ទស្សនកិច្ច​យ៉ាង​ឆាប់​រហ័ស​នៅ​ប្រទេស​ចិន។​ទស្សនកិច្ច​នៅ​បរទេស​ជា​លើក​ដំបូង​របស់​ខ្ញុំ​គឺ​មក​ដល់​ប្រទេស​ចិន​ ​ប្រការ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ក្តីបំណង​របស់​ខ្ញុំ​ដែល​ចង់​បន្ត​ផ្សាយ​ទូលាយ​មិត្ត​ភាព​ជា​ប្រពៃណី​រវាង​កូរ៉េ​ខាង​ជើង​និង​ចិន ​និង​រក្សា​តម្លៃ​លើ​មិត្តភាព​រវាង​កូរ៉​ខាង​ជើង​និង​ចិន។​ខ្ញុំ​បាន​ធ្វើ​កិច្ច​សន្ទនា​ប្រកប​ដោយ​ភាព​ជោគជ័យ​ជា​មួយ​និង​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ជុំវិញ​ទំនាក់​ទំនង​រវាង​បក្ស​និង​ប្រទេស​ទាំង​ពីរ​កូរ៉េ​ខាង​ជើង​និង​ចិន​ ​ស្ថានការណ៍​ក្នុង​ប្រទេស​រៀងៗ​ខ្លួន​និង​ការ​គាំពារ​សន្តិភាព​និង​ស្ថិរភាព​នៃ​ឧបទ្វីប​កូរ៉េ​ជា​ដើម។​ខ្ញុំ​ជឿជាក់​ថា​ ការ​ធ្វើ​កិច្ច​ជំនួប​ជា​លើក​ដំបូង​ជា​មួយ​និង​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​នៅ​ក្នុង​រដូវ​ផ្កា​រីក​ដែល​ប្រកប​ដោយ​ភាព​សប្បាយរីករាយ​និង​ក្តីសង្ឃឹម​នេះ​ ​វា​មុខ​ជា​នឹង​ទទួល​បាន​ផ្លែផ្កាមិត្តភាព​ដ៏​សម្បូរ​និង​ឈាន​ដល់​ការ​ជំរុញ​សន្តិភាព​និង​ស្ថិរភាព​នៃ​ឧបទ្វីប​កូរ៉េ​ជា​មិន​ខាន។

      ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ចរបស់​លោក Kim ​Jong ​Un​ លោក​ស៊ីជីនភីង​និង​លោក​ស្រីPeng​ Liyuanជា​ភរិយា​បាន​រៀប​ចំ​ពិធី​ជប់លៀង​អាហារ​ថ្ងៃ​ត្រង់​សម្រាប់​លោក ​Kim​ Jong​ Un​ និង​លោក​ស្រីRiSolJuជា​ភរិយា​នៅ​ឯ​សណ្ឋាគារ​រដ្ឋ​DiaoYuTai

     លោក Kim​ Jong​ Un​ ក៏​បាន​ទស្សនា​​ពិព័រណ៍​ស្តីពី​សមិទ្ធផល​ច្នៃប្រឌិត​ថ្មី​របស់​បណ្ឌិត្យ​សភា​វិទ្យាសាស្រ្ត​ចិន​បន្ទាប់​ពី​សមាជ​បក្ស​កុម្មុយនិស្តចិន​លើក​ទី​១៨​ដែល​មាន​ចំណង​ជើង​ថា ​ប្រតិបត្តិការ​នាំ​មុខ​ ​​តស៊ូ​ពុះពារ​ការ​លំបាក​។លោក Kim ​Jong ​Un​ បាន​សំដែង​ការ​កោតសរសើរ​ចំពោះ​សមិទ្ធផល​ដែល​ប្រទេស​ចិន​ទទួល​បាន​ក្នុង​ផ្នែក​អភិវឌ្ឍ​វិទ្យាសាស្រ្ត​និង​បច្ចេកទេស​ក៏​ដូច​ជា​ការ​ច្នៃ​ប្រឌិត​ថ្មី ​ហើយ​បាន​ចារពាក្យ​ទុក​ជា​អនុស្សាវរីយ៍​បន្ទាប់​ពី​ការ​ទស្សនា​ទៀតផង។

    លោក​Ding​ Xue​ xiang​ សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន​ លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនិស្តចិននិងជានាយខុទ្ទកាល័យមជ្ឈិមចិន​ លោក ​Yang​ Jie​ chi​ សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន​ លោក ​Guo​ Sheng​ kun ​សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន​ លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាលេខាធិការនៃគណៈកម្មាធិការនយោបាយនិងច្បាប់នៃមជ្ឈិមបក្សកុម្មុយនិស្តចិន​ លោក​ Huang​ Kun​ ming​ សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន​ លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនិស្តចិននិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន​ លោក ​Cai​ Qi​ សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាលេខាធិការបក្សប្រចាំនៅក្រុងប៉េកាំង​ លោក ​Wang​ Yi ​សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនជាដើមបានអញ្ជើញចូលរួមសកម្មភាពលើកនេះ។

    លោក ​Choe​ Ryong​ Hae​ អនុប្រធាននៃគណៈកម្មាធិការបក្សពលករកូរ៉េខាងជើងនិងជារដ្ឋមន្រ្តីក្រសួងចាត់តាំងនិងណែនាំនៃកូរ៉េខាងជីង​ លោក ​Pak​ Kwang ​Ho ​អនុប្រធាននៃគណៈកម្មាធិការបក្សពលករកូរ៉េខាងជើងនិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនិងលើកទឹកចិត្តនៃកូរ៉េខាងជើង ​លោក​ Ri ​Su ​Yong​ អនុប្រធាននៃគណៈកម្មាធិការបក្សពលករកូរ៉េខាងជើងនិងជារដ្ឋមន្រ្តីក្រសួងអន្តរជាតិកូរ៉េខាងជើង​ លោក​ Kim ​Yong ​Chol ​អនុប្រធាននៃគណៈកម្មាធិការបក្សពលករកូរ៉េខាងជើងនិងជារដ្ឋមន្រ្តីក្រសួងរណសិរ្សបង្រួបបង្រួមនៃកូរ៉េខាងជើងនិងលោក​ Ri ​Yong​ Ho​ រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងជាដើមបានអមដំណើរជាមួយលោក ​Kim​ Jong​ Un​ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនព្រមទាំងអញ្ជើញចូលរួមសកម្មភាពពាក់ព័ន្ធផងដែរ៕ 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ