ពីថ្ងៃទី ១៧ ដល់១៩ ខែសីហា សនិ្នសីទស្តីពីកិច្ចកសាងនៃគណៈកម្មាធិការយោធាមជ្ឈិមចិនបានប្រារព្ធធ្វើនៅក្រុងប៉េកាំង ។ លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចូលរួមជាអធិបតីព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ លោកបានគូសបញ្ជាក់ថា ការបង្កើនដោយគ្រប់ជ្រុងជ្រោយនូវការដឹកនាំរបស់បក្សនិងកិច្ចកសាងបក្សក្នុងជួរទ័ពប្រជាជនចិននៅយុគសម័យថ្មី គឺជាតម្រូវការដ៏ចាំបាច់ដើម្បីជំរុញបុព្វហេតុដ៏មហិមាថ្មីនៃកិច្ចកសាងបក្ស គឺជាតម្រូវការដ៏ចាំបាច់ដើម្បីជំរុញភាពខ្លាំងក្លារបស់ប្រទេសជាតិនិងកងទ័ព ។ កងទ័ពប្រជាជនចិនទាំងមូលគួរតែអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយនូវគំនិតសង្គមនិយមប្រកបលក្ខណៈពិសេសប្រទេសចិនក្នុងយុគសម័យថ្មីនិងស្មារតីសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ ត្រូវអនុវត្តតាមគំនិតកងទ័ពខ្លាំងក្លាក្នុងយុគសម័យថ្មី អនុវត្តតាមតម្រូវការជាទូទៅនៃកិច្ចកសាងបក្សក្នុងយុគសម័យថ្មី អនុវត្តតាមមាគ៌ាចាត់ចែងរបស់បក្សក្នុងយុគសម័យថ្មី ប្រកាន់ខ្ជាប់ការដឹកនាំជាដាច់ខាតរបស់បក្សចំពោះកងទ័ព ប្រកាន់ខ្ជាប់ការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់ការផ្តោតសំខាន់លើការត្រៀមប្រយុទ្ធ លើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយនូវគុណភាពនៃការដឹកនាំបក្សនិងកិច្ចកសាងបក្សក្នុងជួរកងទ័ព ដើម្បីសម្រេចគោលដៅកងទ័ពខ្លាំងក្លារបស់បក្សក្នុងយុគសម័យថ្មី ក៏ដូចជាសម្រេចឲ្យបានល្អនូវភារកិច្ចជាបេសកកម្មរបស់កងទ័ពក្នុងយុគសម័យថ្មី និងផ្តល់ការធានាយ៉ាងមុតមាំខាងនយោបាយ ៕