ថ្មីៗកន្លងទៅនេះ ទីផ្សារបណ្ណបំណុលអាមេរិកបានលេចចេញបាតុភាពមិនប្រក្រតីដែលអាត្រាផលចំណេញនៃបណ្ណបំណុលជាតិរយៈពេល ១០ ឆ្នាំតិចជាងបណ្ណបំណុលជាតិរយៈពេល ២ ឆ្នាំដែលត្រូវបានវិនិយោគិនចាត់ទុកថាជាសញ្ញាព្រមានសំខាន់មួយនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ។ ក្រុមអ្នកប្រឹក្សាយោបល់នៃសេតវិមានអាមេរិកបានចូលរួមកម្មវិធីជាច្រើនកាលពីថ្ងៃទី ១៨ ខែ សីហា នេះដោយអះអាងថា មិនឃើញមានសញ្ញាធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់អាមេរិកនោះទេ ។ ប៉ុន្តែតាមទិន្នន័យសេដ្ឋកិច្ចថ្មីបំផុតនិងសំឡេងប្រឆាំងការដំឡើងពន្ធគយយ៉ាងខ្លាំងក្នុងប្រទេសអាមេរិកបានបញ្ជាក់ថា ការដំឡើងពន្ធគយរបស់អាមេរិកបានបណ្តាលឱ្យហានិភ័យនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចអាមេរិកកំពុងកើនឡើង ។
តាមធម្មតា កាលបរិច្ឆេទនៃបំណុលជាតិកាន់តែយូរគឺមានអត្រាផលចំណេញកាន់តែខ្ពស់ បើសិនជាអត្រាផលចំណេញនៃបំណុលជាតិរយៈពេលវែងធ្លាក់ចុះនៅក្រោមអត្រាផលចំណេញនៃបំណុលជាតិរយៈពេលខ្លី នោះគឺត្រូវសន្មតថាជាអត្រាផលចំណេញមិនប្រក្រតី ហើយជាធម្មតា ប្រការនេះជាប្រផ្នូលថាសេដ្ឋកិច្ចប្រហែលនឹងធ្លាក់ចុះក្នុងរយៈពេល១២ខែខាងមុខនេះ ។ រយៈពេល៥០ឆ្នាំកន្លងមក នៅមុនពេលដែលសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះម្តងៗ គឺសុទ្ធតែធ្លាប់លេចចេញបាតុភាពដែលអត្រាផលចំណេញនៃបំណុលជាតិរយៈពេលវែងធ្លាក់ចុះនៅក្រោមអត្រាផលចំណេញនៃបំណុលជាតិរយៈពេលខ្លី ។ តាំងពីចូលឆ្នាំនេះមក អាមេរិកបានលេចចេញបាតុភាពមិនប្រក្រតីនេះជាច្រើនលើកហើយ ជាពិសេសគឺនៅថ្ងៃទី១៤ខែសីហា អត្រាផលចំណេញនៃបំណុលជាតិរយៈពេល១០ឆ្នាំរបស់អាមេរិកទាបជាងបំណុលជាតិរយៈពេល២ឆ្នាំជាលើកដំបូងគិតតាំងពីឆ្នាំ២០០៧មក ហើយនៅថ្ងៃដដែល សន្ទស្សន៍មូលបត្រធំទាំង៣របស់អាមេរិកសុទ្ធតែធ្លាក់ចុះប្រមាណ៣%។
ក្នុងបរិបទបែបនេះ បើសិនជាអាមេរិកដំឡើងពន្ធគយចំពោះផលិតផលចិនដែលនាំចូលទៅកាន់អាមេរិកក្នុងតម្លៃ៣ សែនលានដុល្លារអាមេរិកដែលក្នុងនោះផលិតផលសំខាន់ជាសម្ភារៈប្រើប្រាស់ នោះវាពិតជានឹងបណ្តាលឱ្យតម្លៃទំនិញអាមេរិកឡើងថ្លែងជាមិនខាន ហើយការប៉ាន់ប្រមាណពីផលចំណេញរបស់សហគ្រាសអាមេរិកក៏នឹងធ្លាក់ចុះ ពាណិជ្ជករនាំចូលនិងអតិថិជនអាមេរិកនឹងទទួលបន្ទុកស្ទើរតែទាំងស្រុងនូវដើមទុនដែលឡើងថ្លៃ ដូច្នេះនឹងធ្វើឱ្យសេដ្ឋកិច្ចអាមេរិករងហានិភ័យធ្លាក់ចុះថែមទៀត ។
បច្ចុប្បន្ននេះ មុខរបរគ្រប់ប្រភេទនៃប្រទេសអាមេរិកសុទ្ធតែរងការរំខាន់ពីការដំឡើងពន្ធគយ មតិដែលប្រឆាំងការដំឡើងពន្ធគយកាន់តែខ្លាំងឡើងៗ ។ ពេលថ្មីៗកន្លងទៅនេះ លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុនAppleបានព្រមានថា ការដំឡើងពន្ធគយនឹងប៉ះពាល់ដល់កម្លាំងប្រកួតប្រជែងរបស់ក្រុមហ៊ុនApple ។ ប៉ុន្តែ បុគ្គលអាមេរិកមួយចំនួនមិនអើពើនឹងតួលេខសេដ្ឋកិច្ចថ្មីបំផុតនោះឡើយ ហើយក៏មិនអើពើពីសំឡេងប្រឆាំងការដំឡើងពន្ធគយនោះដែរ ប្រការនេះជាការមិនទទួលខុសត្រូវយ៉ាងខ្លាំងចំពោះផលប្រយោជន៍ជាតិនិងសុខសុភមង្គលរបស់ប្រជាជន ។
បុគ្គលអាមេរិកទាំងនេះ គួរគោរពតាមក្រឹត្យក្រមសេដ្ឋកិច្ច ស្តាប់ការអំពាវនាវក្នុងប្រទេសដែលសម្តែងការប្រឆាំងការដំឡើងពន្ធគយ ព្រមនិងប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចអាមេរិកដែលបណ្តាលមកពីការដំឡើងពន្ធគយ បោះបង់ចោលការយកការដំឡើងពន្ធគយជាអាវុធ ហើយវិលត្រឡប់ទៅកាន់ផ្លូវត្រឹមត្រូវវិសម្រាប់ដោះស្រាយបញ្ហាដោយសមរម្យ ៕