ថ្ងៃទី ២៣ខែមករា នៅក្រុងប៉េកាំង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំកិច្ចប្រជុំអបអាសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២០ ។ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះ ដោយបានតាងនាមមជ្ឈិមបក្សនិងក្រុមប្រឹក្សាកិច្ចការរដ្ឋសូមជូនពរឆ្នាំថ្មីចំពោះប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិន ជនរួមជាតិនៃតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ ជនរួមជាតិនៃតំបន់តៃវ៉ាន់ ក៏ដូចជាអាណិកជនចិននៅឯនាយសមុទ្រផងដែរ ។
ថ្លែងក្នុងសុន្ទរកថា លោក ស៊ី ជីនភីង បានលើកឡើងថា ក្នុងឆ្នាំថ្មី ប្រទេសចិននឹងតស៊ូប្តូរផ្តាច់ដើម្បីសម្រេចបាននូវកិច្ចកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ និងយកជ័យជម្នះលើឧបសគ្គនៃការលុបបំបាត់ភាពក្រីក្រ ក៏ដូចជាសម្រេចបាននូវគោលដៅមួយសតវត្សរ៍ទីមួយ ។ ប្រការទាំងនេះគឺមានសារៈសំខាន់ជានិមិត្តសញ្ញាក្នុងដំណើរប្រវតិ្តសាស្ត្រនៃការសម្រេចការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ៕