ថ្ងៃទី២៤ខែឧសភា លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានថ្លែងនៅក្រុងប៉េកាំងថា ការចោទប្រកាន់ដែលថាប្រទេសចិនឆ្លៀតយកឱកាសជំងឺឆ្លងទៅពង្រីកវត្តមាននៅសមុទ្រចិនខាងត្បូងគឺគ្មានភស្តុតាងទាល់តែសោះ។
នាថ្ងៃដដេល សន្និសីទលើកទី៣នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣បានបើកធ្វើសន្និសីទកាសែត។ ពេលឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន លោកវ៉ាងអ៊ីបានថ្លែងថា មួយរយៈកន្លងទៅនេះ ប្រទេសចិនបាននិងកំពុងប្រមូលផ្តុំកម្លាំងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាននានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ភាគីទាំងពីរបានផ្តល់ការគាំទ្រដល់គ្នានិងជួយយកអាសាគ្នា ដែលបានបង្កើនទំនុកចិត្តលើគ្នា។ នាវានិងយន្តហោះដែលផ្ទុកដោយសម្ភារៈសម្រាប់ទប់ទល់នឹងជំងឺឆ្លងបានបើកបរនិងហោះហើរទៅវិញទៅមកនៅតំបន់សមុទ្រចិនខាងត្បូង ដែលធ្វើឱ្យសមុទ្រចិនខាងត្បូងក្លាយទៅជាតំបន់សម្រាប់ចិននិងអាស៊ានសហការគ្នានិងជួយយកអាសាគ្នាដើម្បីរួមគ្នាទប់ទល់នឹងជំងឺឆ្លង។ ប៉ុន្តែប្រទេសក្រៅតំបន់មួយចំនួនតូចបែរជាចាត់បញ្ជូនបន្ថែមនូវយន្តហោះយោធានិងវានាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូងជាបន្តបន្ទាប់ ញុះញង់បំបែកបំបាក់ទំនាក់ទំនងរវាងចិននិងអាស៊ានជាញឹកញាប់ ដើម្បីបំផ្លាញស្ថិរភាពនៃសមុទ្រចិនខាងត្បូងដែលបានដោយមិនងាយ។ ទង្វើបែបនេះគឺមានចេតនាអាក្រក់និងគួរឱ្យស្អប់ខ្ពើម៕