“អ្នកទទួលគ្រឿងឥស្សរិយយស ១ កក្កដាសុទ្ធតែបានមកពីប្រជាជន មានឬសគល់ក្នុងប្រជាជន ជាវីរជនសាមញ្ញដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន និងរួមចំណែកដោយស្ងៀមស្ងាត់” លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនិស្តចិនបានលើកឡើងដូចពោលខាងលើក្នុងពេលថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស១ កក្កដានៅថ្ងៃទី២៩ ខែមិថុនា ។
“គ្រឿងឥស្សរិយយស ១ កក្កដា” ជាកិត្តិយសខ្ពង់ខ្ពស់បំផុតក្នុងបក្សកុម្មុយនិស្តចិន ហើយឆ្នាំនេះគឺជាលើកទីមួយដែលបានបំពាក់គ្រឿងឥស្សរិយយសនេះ អ្នកទទួលបានគ្រឿងឥស្សរិយយសលើកនេះមានមនុស្សចំនួន ២៩ នាក់ ដូចជាលោកស្រី Ma Maojieដែលបានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្នុងសង្គ្រាមឆ្លងទន្លេយ៉ង់សេ តែលាក់ឈ្មោះលាក់មុខមិនដណ្តើមផលប្រយោជន៍ក្នុងសម័យសន្តិភាព លោកHuang Dafaដែលបានដឹកនាំអ្នកភូមិចំណាយពេលអស់៣៦ឆ្នាំក្នុងការជីកប្រឡាយជីវិតមួយ លោក Wu Tianyi ដែលមានអាយុជាង៨០ឆ្នាំ តែនៅតែធ្វើការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនៅតំបន់ខ្ពង់រាបដោយបំពាក់ឧបករណ៍ជំនួយបេះដូង និងលោកស្រី Huang Wenxiu ដែលសុខចិត្តលះបង់ជីវិតដើម្បីកិច្ចការយកឈ្នះលើការកាត់បន្ថយភាពក្រីក្រ។ល។ រឿងរ៉ាវរបស់អ្នកទទួលបានគ្រឿងឥស្សរិយយសចំនួន ២៩ នាក់ទាំងនេះ មិនត្រឹមតែតំណាងឱ្យការលះបង់និងការរួមចំណែកនៃបក្សកុម្មុយនិស្តចិនក្នុងរយៈពេលមួយរយឆ្នាំកន្លងមកប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីស្មារតីរបស់សមាជិកបក្សកុម្មុយនិស្តចិនដែលបានបង្កើតឡើងក្នុងដំណើរតស៊ូប្រយុទ្ធយ៉ាងលំបាកលំបិនក្នុងរយៈពេល១សតវត្សរ៍កន្លងមកផងដែរ ។
បន្ទាប់ពីទទួលបានគ្រឿងឥស្សរិយយស ១ កក្កដា លោកស្រី Zhang Guimei ដែលបានបង្កើតវិទ្យាល័យសិស្សស្រីដែលឥតគិតថ្លៃដំបូងបង្អស់នៅប្រទេសចិនបានថ្លែងថា “ អ្វីដែលយើងខ្ញុំបានធ្វើ គ្រាន់តែជារឿងដែលសមាជិកបក្សកុម្មុយនិស្តចិនជាច្រើនបានធ្វើរាល់ថ្ងៃ ” ។ ពាក្យសំដីនេះបានបង្ហាញឱ្យឃើញនូវហេតុផលសាមញ្ញមួយ ពោលគឺ រឿងរ៉ាវរបស់ពួកគេ យើងអាចរៀនសូត្រតាមនិងអាចធ្វើតាម ស្មារតីរបស់ពួកគេ យើងក៏អាចរៀនសូត្រតាមផងដែរ ។ នេះគឺមានន័យថា ប្រជាជនចិនគ្រប់រូបសុទ្ធតែអាចធ្វើការងារដ៏អស្ចារ្យក្នុងកន្លែងការងារដ៏សាមញ្ញ ។ វីរជនសាមញ្ញដ៏ច្រើនរាប់មិនអស់ទាំងនេះ បានប្រមូលផ្តុំជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់ជំរុញឱ្យបក្សកុម្មុយនិស្តចិនទទួលបានភាពជោគជ័យឥតឈប់ឈរ ក៏ដូចជាប្រមូលផ្តុំជាកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ពិភពលោកផងដែរ ។
ភាពមហិមាកើតចេញពីភាពសាមញ្ញ វីរជនកើតចេញពីប្រជាជន ។ ក្នុងរយៈពេល១រយឆ្នាំកន្លងមក ដើម្បីផលប្រយោជន៍របស់ប្រជាជន សមាជិកបក្សកុម្មុយនិស្តចិនមួយជំនាន់និងមួយជំនាន់ទៀត បានខំប្រឹងប្រែងពុះពារឧបសគ្គនិងបោះជំហានទៅមុខដោយពឹងផ្អែកទៅលើប្រជាជន ។ ក្នុងដំណើរការនេះ ស្មារតីដ៏មានតម្លៃរបស់បក្សកុម្មុយនិស្តចិនត្រូវបន្តវេនជាបន្តបន្ទាប់ ដែលបានបង្ហាញពីគោលបំណងដើមរបស់បក្សកុម្មុយនិស្តចិនដែលមិនដែលកែប្រែនោះទេ ៕