李慶莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាពសុខដុមរវាងជនជាតិចិននិងជនជាតិខ្មែរនៅកម្ពុជា

2022-01-19 17:16:12

 ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងឈានចូលមកដល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ​ខាងមុខ​នេះ។ ទោះបីថ្ងៃបុណ្យចូលឆ្នាំ​ប្រពៃណីចិន មិនមែនជាថ្ងៃ​ឈប់សម្រាក​ផ្លូវការ​ក៏ដោយ នៅថ្ងៃនោះ​ ទីក្រុងភ្នំពេញ​និងតំបន់ទីប្រជុំជនជាច្រើន មានសភាព​ស្ងប់ស្ងាត់ ដោយសារ​ហាងទំនិញ និងទីកន្លែង​បម្រើការងារជាច្រើន បានបិទទ្វា​ដើម្បីចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​នេះ ហើយប្រជាជនទូទៅ​ដោយរួមទាំង​ជនជាតិខ្មែរ ធ្វើដំណើរ​ចាកចេញ​​ពី​ទីក្រុង​ទៅកំសាន្ត​​តាមរមណីយដ្ឋាន​នានា​​នៅទូទាំង​ប្រទេស​ដើម្បីអបអរ​ពិធីបុណ្យ​នេះ។​ ការចូលរួម​ប្រារព្ធ​​និងអបអរពិធីបុណ្យ​នេះដោយជនជាតិចិន​និងជនជាតិខ្មែរ​ដោយពុំមាន​ការរើសអើង គឺជា​ភ័ស្តុតាងដ៏សំខាន់មួយដែល​បង្ហាញនូវភាពសុខដុម​ជាតិ​សាសន៍​​ដ៏ល្អ​នៅក្នុង​សង្គម​កម្ពុជា។

ឯកសារប្រវត្តិសាស្រ្តបង្ហាញថា ប្រទេសកម្ពុជាមានទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ឈ្មួញ​ជនជាតិចិនចាប់តាំងពីដើមសតវត្សរ៍ទី១នៃគ្រិស្តសករាជ ប៉ុន្តែ​អ្នកស្រាវជ្រាវខ្លះបានអះអាង​ថា​ប្រទេសកម្ពុជា​មានទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយឈ្មួញ​ជនជាតិ​ចិន តាំងពី​ប្រហែល​​៣០០ឆ្នាំ​មុនគ្រិស្តសករាជ មកម្លេះ។

ទោះបីមានទំនាក់ទំនងពាណិជ្ជកម្មជាមួយឈ្មួញជនជាតិចិនដ៏យូរលង់ដូច្នោះ ក៏ដោយ កំណត់ត្រាប្រវត្តិសាស្រ្តហាក់ដូចជាបង្ហាញថាមិនមានជនជាតិចិនក្នុងចំនួនច្រើន ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅក្នុងសម័យកាលមុនអង្គរនិងសម័យអង្គរនោះឡើយ។​ កំណើនវត្តមាន​ជនជាតិចិន​នៅកម្ពុជា កើតឡើងនៅក្រោយពេលកម្ពុជា​ផ្លាស់ប្ដូរ​រាជធានី ពីអង្គរ មកភ្នំពេញ នៅឆ្នាំ​១៤៣៤។ នាពេលនោះ រាជធានីភ្នំពេញ បានក្លាយ​ជា​ទីក្រុង​ពាណិជ្ជកម្មមួយ ដែល​ទាក់ទាញ​អ្នកជំនួញ​​បរទេស​ជាច្រើនចូលមកកម្ពុជា។  មានការអះអាងថា ជនជាតិ​ចិន​អម្បូរភាសា​​ហុកគៀន បានធ្វើអន្តោប្រវេសន៍​មកកាន់ប្រទេស​កម្ពុជាមុន​ដំបូងគេ នៅក្នុង​សតវត្សរ៍​ទី១៥​នេះ។ ការធ្វើចំណាកស្រុកទ្រង់ទ្រាយធំរបស់ជនជាតិចិនចូលមក​​កម្ពុជា​​​ បានកើត​ឡើង​​នៅក្នុង​សតវត្សរ៍​ទី១៧​។ មូលហេតុចម្បងនៃការធ្វើចំណាកស្រុករបស់ពួកគេ​នាពេលនោះ គឹការដួល​រលំ​​នៃរាជវង្សម៉េងនៅឆ្នាំ១៦៤៤ ដែលត្រូវបានផ្ដួលរំលំ​ដោយ​ជនជាតិម៉ាន់ជូ។ នៅឆ្នាំ១៦៧៥ ម៉ាក គូ ជា​ជនជាតិចិន​អម្បូរភាសាហៃណាន ​ដែលមាន​ភក្ដីភាពចំពោះរាជវង្សម៉េង បានធ្វើ​​ចំណាក​ស្រុក​មកកាន់បន្ទាយមាស​នៃខេត្តកំពត ហើយនៅពេល​ក្រោយមក គាត់​បាននាំ​យក ជនជាតិចិន​អម្បូរភាសា​ហៃណាន​ជាច្រើន មកកាន់​បន្ទាយមាស ខេត្តកំពត ដើម្បីរត់គេចចេញពី​ការគ្រប់គ្រង​​របស់ជនជាតិ​​ម៉ាន់ជូ។​ នៅឆ្នាំ​១៦៧៩ មេទ័ពជនជាតិចិន​អម្បូរភាសា​កាតាំង ឈ្មោះ យ៉ាង យិនឌី ដែលអស់សង្ឃឹមថា​នឹង​អាចធ្វើការតស៊ូ​ដើម្បីស្ដារ​រាជវង្សម៉េងឡើងវិញ បានដឹកនាំ​ជនជាតិចិនជាច្រើន​ ភៀសខ្លួន​មកភាគខាងត្បួង ចូលមក​កាន់ប្រទេស​ដាយវៀត ហើយពួកគេមួយចំនួន បានធ្វើដំណើរ​បន្តចូលមកអាណាចក្រ​ចម្ប៉ា និងហួស​ចូលមកកម្ពុជា ដោយអ្នកខ្លះ​​បានមករស់នៅ​ក្នុង​ខេត្តតាកែវ ខេត្តកំពត និងតាមដង​ទន្លេ​បាសាក់​ និង​ទន្លេមេគង្គ។   នៅត្រឹម​ឆ្នាំ១៨៩៧ ទីក្រុង​ភ្នំពេញ​មានមនុស្ស​​រស់នៅ​​សរុប​ចំនួន ៥០ ០០០នាក់ ដោយមាន​ជនជាតិចិនចំនួន ​២២ ០០០ នាក់ ដែលស្មើនឹង​៤៤% នៃចំនួន​ប្រជាជន​សរុប។

ចាប់ពីទសវត្សរ៍ឆ្នាំ១៩៣០​ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៦០ ជនជាតិចិនទាជីវ​ជាច្រើន​បានភៀស​ខ្លួន​​ចូលមកកម្ពុជា ជាពិសេសមកពីប្រទេសថៃ ដោយនៅគ្រាដំបូង ​ពួកគេ​មកតាំង​ទីលំនៅ​ក្នុងខេត្តបាត់ដំបង ​នៅពេលខេត្តនេះ​ស្ថិតក្រោម​ការគ្រប់គ្រងរបស់ថៃ ប៉ុន្តែ​នៅក្រោយ​ពេល​ប្រទេសថៃ​​ប្រគល់​ខេត្តនេះមកកម្ពុជា​វិញ ជនជាតិចិនទាជីវទាំងនោះបន្តរស់នៅ​ក្នុងខេត្ត​នោះ ដោយមិនត្រឡប់​ទៅកាន់​ប្រទេសថៃ​វិញនោះឡើយ ដែលធ្វើឲ្យចំនួន​ជនជាតិចិនទាជីវ​នៅកម្ពុជា​ កើនចំនួន​ច្រើន​ជាងចំនួនជនជាតិចិនអម្បូរភាសាផ្សេងៗទៀត។​

ជនជាតិចិនដែលរស់នៅកម្ពុជាអាចត្រូវបែងចែកជា៥ក្រុមផ្សេងៗគ្នា ដោយផ្អែកលើ​អម្បូរ​ភាសារបស់ពួកគេ ពោលគឺ ចិនទាជីវ ចិនកាតាំង ចិនហុកគៀន ចិនហៃណាណ និង​ចិនហាក់កា​ឬចិនខិ។ ចិនទាជីវ មានចំនួនច្រើនជាងគេបំផុត ដោយអ្នកសិក្សាស្រាវជ្រាវ​មួយចំនួនបានសន្និដ្ឋានថា ប្រហែល៨០%​ នៃជនជាតិចិន​ដែលរស់នៅ​កម្ពុជា គឺជនជាតិចិន​ទាជីវ។ ជនជាតិចិនអម្បូរភាសាទាជីវ គឺជាជនជាតិហាន ដែលមាន​ប្រភពមកពី​តំបន់​​ចៅហ្សាន​​នៃខេត្តក្វាងទុង ហើយពួកគេភាគច្រើនរស់នៅក្នុង​ទីក្រុងភ្នំពេញ ខេត្តកំពត និង​ខេត្តកំពង់ចាម។ អម្បូរភាសាកាតាំង ត្រូវគេប្រើប្រាស់​ភាគច្រើន​នៅទីក្រុងកាន់តុន​នៃខេត្ត​ក្វាងចូវ ទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងតំបន់ប៉ែកខាងកើត​នៃខេត្ត​គ័ងស៊ី។ ភាគច្រើននៃ​ជនជាតិចិនអម្បូរភាសាកាតាំង​​នៅក្នុង​ប្រទេសកម្ពុជា បានធ្វើចំណាកស្រុកមកពីតំបន់​ក្បែរៗ​ទីក្រុង​កាន់តុង​​​នៃខេត្តក្វាងចូវ។​ ​ពួកគេ​ភាគច្រើន រស់នៅក្នុងក្រុងភ្នំពេញ ខេត្តបាត់ដំបង និងខេត្ត​កំពង់ចាម។ ទាំងចិនទាជីវ និងចិនកាតាំង មានគំនិតអភិរក្សនិយមខ្លាំង ដោយពួកគេ​មិនចង់​ឲ្យកូនចៅរបស់ខ្លួន រៀបការ​ជាមួយជនជាតិចិន​អម្បូរ​ភាសាដទៃ ឬជនជាតិខ្មែរ នោះឡើយ។ អម្បូរភាសាហុកគៀន  ត្រូវគេប្រើប្រាស់ភាគច្រើននៅក្នុងខេត្តហ៊្វូជៀន។  នៅក្នុង​​ប្រទេស​កម្ពុជា ភាគច្រើននៃចិន​ហុកគៀនដែលមានប្រភពមកពីខេត្តហ៊្វូជៀន រស់នៅ​ក្នុងទីក្រុង​ភ្នំពេញ​និងខេត្តបាត់ដំបង។ ចិនហុកគៀន មានបំណងចង់ក្លាយជាជនជាតិខ្មែរ ចង់បម្រើការងារ​ក្នុង​រដ្ឋាភិបាល ហេតុដូច្នេះពួកគេពេញចិត្តនឹងអនុញ្ញាតឲ្យកូនចៅរបស់ពួកគេ​រៀបការជាមួយ​ជនជាតិ​ខ្មែរ រៀនភាសារខ្មែរ និងប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ខ្មែរ។ អម្បូរភាសាហាក់កា ត្រូវប្រើប្រាស់ដោយជនជាតិហាននៅខេត្តក្វាងទុង ជាងស៊ី និង​ហ៊្វូជៀន។​ ចិនហាក់កា​ឬចិនខិដែលរស់នៅកម្ពុជា ភាគច្រើន​បានចាកចេញមកពី​ស្រុក​ស៊ីងនីង​​ នៃខេត្ត​ក្វាងទុង ដោយពួកគេភាគច្រើន រស់នៅក្នុងខេត្ត ស្ទឹងត្រែង តាកែវ និង រតនគិរី ។ ចិនហាក់កា​ឬចិនខិក៏មានបំណង​ប្រហាក់​ប្រហែលនឹង​ចិនហុកគៀនផងដែរ ដោយពួកគេចង់ក្លាយខ្លួន​ជាខ្មែរ និងពេញចិត្តនឹងអនុញ្ញាត្ត​ឲ្យកូនចៅ​​របស់ពួកគេ​រៀបការជាមួយជនជាតិខ្មែរ រៀនភាសា​ខ្មែរ និងប្រតិបត្តិប្រពៃណី​វប្បធម៌​ខ្មែរ។ អម្បូរភាសាហៃណាន គឺជាអម្បូរភាសា​ដែលបែក​ចេញ​ពីអម្បូរភាសាហុកគៀន។ ជនជាតិចិន​ដែលរស់នៅ​លើកោះហៃណាន ប្រើប្រាស់​អម្បូរភាសា​​ហៃណាន។ ភាគច្រើននៃចិនហៃណាន ដែលបានធ្វើចំណាកស្រុក​ចូលមក​កម្ពុជា​​រស់នៅក្នុងអតីតខេត្តពាមបន្ទាយមាសឬសព្វថ្ងៃហៅថាខេត្តកំពត ​ដោយទីតាំងលំនៅជាប្រវត្តិសាស្រ្តរបស់ពួកគេគឺអតីតពាមបន្ទាយមាស ផ្នែកខ្លះនៃខេត្តនេះលាតសន្ធឹងនៅស្រុកទូកមាស​និងស្រុកកំពង់ត្រាចបច្ចុប្បន្ន។ នាពេល​​​​ក្រោយមក ពួកគេមួយចំនួនបានផ្លាស់ទីលំនៅ​ទៅកាន់​ទីក្រុង​ភ្នំពេញ ទៅកាន់ស្រុក​ស្រែអំបិល​​នៃខេត្តកោះកុង និងទៅកាន់ស៊ីសុផុន ផងដែរ។

ជនជាតិចិនដែលរស់នៅក្នុងប្រទេសកម្ពុជា បានឆ្លងកាត់គ្រប់​ព្រឹត្តិការណ៍​ដែលបាន​កើត​ឡើងនៅក្នុងប្រទេសកម្ពុជា។​ ប៉ុន្តែពួកគេបានតស៊ូជំនះភាពលំបាក ​និងបត់បែន​ទៅតាម​កាលៈ​ទេសៈ ដែលធ្វើឲ្យ​ពួកគេអាចបន្តរស់រានមានជីវិតនិងស្ថិតនៅគង់វង្សរហូតមកដល់សព្វថ្ងៃ។ ជនជាតិ​ចិននិងជនជាតិខ្មែរ បានរស់នៅជាមួយគ្នាក្នុងប្រទេសនេះ​ប្រកបដោយ​ភាពសុខដុម​ អស់រយៈ​ពេលរាប់រយឆ្នាំមកហើយ។ មានកត្តាចម្បងៗមួយចំនួនដែលរួមចំណែក​បង្កើត​ភាពសុខដុម​រវាងជនជាតិចិននិងជនជាតិខ្មែរនៅក្នុងប្រទេសកម្ពុជា។ កត្តាអំណោយផល​ទី១ គឺកត្តាភូមិសាស្រ្ត។ ប្រទេសចិន​មិនមានព្រំដែនជាប់នឹងប្រទេសកម្ពុជា ដែលធ្វើឲ្យកម្ពុជា​និងចិន​ មិនមានជម្លោះប្រវត្តិសាស្រ្ត​ពាក់ព័ន្ធ​​នឹងបូរណភាពដែនដី ដែលជាបញ្ហារសើប​ដែលប៉ះពាល់​ដល់​អារម្មណ៍​ជនជាតិខ្មែរ។ កត្តា​អំណោយផល​ដ៏សំខាន់មួយទៀត គឺ​គោលនយោបាយ​បរទេសរបស់ប្រទេសទាំងពីរ។ ជាទូទៅ មេដឹកនាំកម្ពុជានិងចិន​តែងតែ​ប្រកាន់ជំហរ​រក្សា​និង​ពង្រឹង​ទំនាក់ទំនងទ្វេភាគីដ៏ល្អ។ ទន្ទឹមនឹងនេះ ចាប់តាំងពី​ដើមទស្សវត្សរ៍​ឆ្នាំ១៩៩០មក ប្រព័ន្ធនយោបាយ​ប្រជាធិបតេយ្យត្រូវបានដាក់ឲ្យដំណើរការ​នៅកម្ពុជា ហើយរដ្ឋាភិបាល​​កម្ពុជា បានប្រកាន់យក គោលនយោបាយសុខដុមរមនីយកម្ម​ជាតិសាសន៍ ដោយផ្ដល់សិទ្ធិសេរីភាពជូនដល់គ្រប់ក្រុមជាតិសាសន៍ទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជា។ កត្តា​សំខាន់​មួយទៀត គឺជនជាតិ​ចិន​ខ្លួនឯង ធ្វើ​សមាហរណកម្ម​​​យ៉ាងល្អ​​ចូលទៅក្នុងសង្គមវប្បធម៌កម្ពុជា។ ពួកគេ​គោរព​ច្បាប់ ប្រពៃណីទំនៀមទម្លាប់​ជនជាតិ​ខ្មែរ  ប្រារព្ធពិធីនានាតាមទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ និងរៀបការ​ជាមួយ​ជនជាតិខ្មែរ ផងដែរ។ ​ទន្ទឹមនឹងនេះ​ ពួកគេ​ភាគច្រើន​សម្គាល់​អត្តសញ្ញាណ​​ខ្លួនឯង​​ថាជា​ជនជាតិខ្មែរ និងចាត់ទុក​ប្រទេស​កម្ពុជា​ជាទឹកដីកំណើត ដោយពួកគេ​​និយាយភាសាខ្មែរ រៀននៅក្នុងសាលាខ្មែរ ស្លៀកពាក់​​សម្លៀក​បំពាក់​ប្រពៃណីខ្មែរ ប្រកបមុខរបរដូចជាជនជាតិខ្មែរ។ ​ កត្តាអំណោយផល​ដ៏សំខាន់​មួយទៀត គឺភាពបំពេញឲ្យគ្នា​ទៅវិញ​ទៅមកនៃសកម្មភាពសេដ្ឋកិច្ចរបស់​ជនជាតិ​ចិននិងខ្មែរ ដែលពុំ​មាន​​លក្ខណៈប្រកួត​ប្រជែងនឹងគ្នា។ ជនជាតិ​ចិន​មានទេព្យកោសល្យ​ពូកែ​ខាង​ប្រកប​ជំនួញ​ទាំងខ្នាតតូច ខ្នាត​មធ្យម និងខ្នាតធំ  ចំណែក​ជនជាតិខ្មែរចូលចិត្ត​ប្រកប​របរកសិកម្មនិង​នេសាទ​​ជាដើម។ សកម្មភាព​​​ចិញ្ចឹមជីវិតរបស់ជនជាតិទាំងពីរ ហាក់ដូច​ជា​​ជួយបំពេញឲ្យគ្នា​ទៅវិញ​ទៅមក ដោយពុំមានលក្ខណៈប្រកួតប្រជែងប្រឆាំងនឹងគ្នា នោះឡើយ។

អ្នកបកប្រែ:李慶莉
ប្លុកពិសេស